ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេច ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះ ដែលរងអំពើបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៉ីណា នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងបុរីប៉េងហួត គំរោងទី៧ ។
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានដឹកនាំក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែនទៅជួបផ្ទាល់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដល់ទីតាំងដែលកំពុងរៀបចំធ្វើបុណ្យសពខាងបុរស ស្ថិតក្នុងវត្តចាស់ ខណ្ឌជ្រោយចង្វា (ក្បែរសណ្ឋាគារសុខាភ្នំពេញ) និងមួយក្រុមទៀត ទៅដល់ទីតាំងបុណ្យសពខាងស្ត្រី នៅខេត្តកំពត។
ក្រុមគ្រួសាររបស់ជនរងគ្រោះ មានក្ដីរំភើប និងបានគោរពថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់បញ្ជូន ផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជួយការពារក្ដីជូនក្រុមគ្រួសាររបស់ពួកគាត់ដែលជាជនរងគ្រោះ។
សូមបញ្ជាក់ថា ៖ ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។
សូមរំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលម៉ោង៣និង៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ គំរោងទី៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
សមត្ថកិច្ចបញ្ជាក់ថា ៖ ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីម៉ាក បាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថា ៖ មន្ត្រីនគរបាលយុត្តិធម៌ កំពុងប្រមូលភ័ស្ដុតាង និងសាក្សីបន្ថែមទៀត ដើម្បីដាក់បន្ទុកឧកញ៉ា ស្រី ស៊ីណា ក្នុងការប្រព្រឹត្តអំពើ មនុស្សឃាតដោយចេតនា គិតទុកជាមុន ។
លោកបន្តថា ៖ ការដឹកនាំបញ្ជាត្រូវចុះឱ្យដល់ ស្ដាប់ឱ្យបានច្រើន ពិភាក្សាឱ្យលម្អិតទើបការងាររលូនទៅមុខ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះថា ៖ ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ។
លោកបន្តថា ៖ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។
លោកថា ៖ យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល៕