ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំទៅដល់រដ្ឋបាលរាជធានីខេត្តទាំងអស់ឲ្យគិតគូរឲ្យបានច្បាស់លាស់ទៅលើប្លង់មេនៃការពង្រីករាជធានីនិងខេត្តរបស់ខ្លួន។
សម្ដេចបានលើកឡើងថា ការរៀបចំប្រព័ន្ធគមនាគមន៍គឺជារឿងសំខាន់ដើម្បីបញ្ជៀសនូវបញ្ហានៅថ្ងៃក្រោយទៀតដែលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅពេលដែលប្រជាពលរដ្ឋមកតាំងទីលំនៅ។
សម្ដេចបានលើកឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩ថ្មីក្នុងរាធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមិថុនានេះថា ការអភិវឌ្ឍន៍ទីក្រុងរណបគឺមានប្លង់មេច្បាស់លាស់ដែលធ្វើឲ្យមានសណ្ឋាប់ធ្នាប់សន្ដិសុខល្អ ដែលវាជាគំរូមួយសម្រាប់ធ្វើការអភិវឌ្ឍន៍ក្នុងដែនដីរាជធានី ក្រុង ស្រុក។
សម្ដេចថា៖ «ឥឡូវយើងមិនត្រឹមតែរីកនៅក្នុងតំបន់បុរីទេ គោលនយោបាយនិងផែនការរបស់ក្រសួងដែនដី ក្រសួងធនធានទឹក ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃយើងនឹងរៀបចំនូវបុរីជនបទដែលគិតគូរអំពីភូមិឃុំរបស់ប្រជាពលរដ្ឋយើង គឺថារចនាសម្ព័ន្ធរៀបឲ្យល្អ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ ៖ ដរាបណាប្រទេសយើងនៅមានសន្តិភាព ទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនៅទូទាំងប្រទេសនឹងបន្តរីកចម្រើនបន្ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ មោទនភាពរបស់យើង គឺយើងបានប្រែក្លាយពីប្រទេសមួយដែលពឹងលើបរទេសឱ្យមកជួយរៀបចំកសាងសំណង់នានា ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមានវិស្វករ និងអ្នកជំនាញ គូរប្លង់ និងរៀបចំសាងសង់សំណង់ធំៗកម្រិតអន្តរជាតិជាច្រើន ដោយកូនខ្មែរ ដោយបញ្ញាខ្មែរ។ សម្ដេចធិបតីបន្ថែមថា ពេលនេះខ្មែរមានឯករាជ្យភាពលើការរៀបចំសាងសង់ដោយខ្លួនឯងហើយ ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ក្រសួង ស្ថាប័នជំនាញ និងអភិបាលរាជធានីភ្នំពេញបង្កើនល្បឿនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងទីក្រុងប្រកបដោយស្ដង់ដា និងបំពាក់ដោយបច្ចេកវិទ្យាទំនើបឱ្យស័ក្ដិសមជាទីក្រុងឆ្លាតអាស៊ាន។