ភ្នំពេញ ៖ ទិដ្ឋភាពទូទៅនៃការរៀបចំតុបតែងនៅខាងមុខព្រះបរមរាជវាំង ត្រៀមឆ្ពោះទៅព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅនៅបរិវេណខាងមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ ក្រុមគ្រួសារស.ស.យ.ក. បានរៀបចំកម្មវិធីដែលរួមមាន ពិធីក្រាបថ្វាយបង្គំថ្វាយព្រះពរចម្រើនព្រះជន្ម ពិធីចម្រើនព្រះជន្មវស្សា ពិធីចម្រើនព្រះបរិត្ត និងគោចរបិណ្ឌបាត្រ ពិធីសម្ពោធពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ ពិធីប្រគេនព្រះរាជទាន និងពិធីបញ្ចាំងខ្សែភាពយន្តដែលជាព្រះរាជនិពន្ធរបស់ព្រះវររាជបិតាជាតិខ្មែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានផ្ញើសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
បពិត្រ សម្តេចព្រះវររាជមាតា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សាយាងចូល ៨៩ព្រះវស្សា របស់ហ្លួងម៉ែជាអម្ចាស់ ទូលព្រះបង្គំជាខ្ញុំ និងភរិយាសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរ សិរីវឌ្ឍនា ជយាមង្គល វិបុលសុខ បវរមហាប្រសើរ សូមហ្លួងម៉ែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចទ្រង់ព្រះប្រកបដោយព្រះរាជ សុខភាពល្អពេញបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ជាម្លប់ដល់ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងជនរួមជាតិជាបងប្អូន កូនចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ជ្រកកោន ត្រជាក់ត្រជុំសុខសាន្តមនោរមជានិច្ចនិរន្តរ៍ តទៅ។ ស្ថិតក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលដ៏មហាវិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវកតញ្ញូកតវេទិតាធម៌ដ៏ឧត្តុង្គឧត្តមដោយសុទ្ធចិត្តបំផុត ចំពោះហ្លួងម៉ែជាអម្ចាស់ជាទីគោរព ស្រលាញ់ស្មើនឹងជីវិត ដែលជានិច្ចកាលស្ដេចទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ប្រោះព្រំដល់ទូលព្រះបង្គំជាខ្ញុំ និងភរិយា ពិសេសទ្រង់បានបំពេញព្រះរាជបូជនីយកិច្ចសន្សំបុញ្ញកុសលតម្កល់ប្រោស
ព្រះរាជទានដល់ជនរួមជាតិរបស់ព្រះអង្គប្រកបដោយព្រះទសពិធរាជធម៌ ទ្រង់មានមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ត្រជាក់ក្សេមក្សាន្តនឹងរកវត្ថុអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមលើកកម្បង់អញ្ជលីប្រណម្យបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ លើលោកមានដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងគុណបុណ្យព្រះរតនត្រៃ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ពិសេសដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សូមទ្រង់បន្តអភិបាលគ្រងរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមស្ដេចទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម អង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *