អាល្លឺម៉ង់៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅព្រឹកទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញនេះ បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយលោកស្រីបណ្ឌិត Andrea Heilmaier អភិបាលរងក្រុងនួនប៊ឺក(Nuremberg) ក្នុងប្រទេសអាល្លឺម៉ង់។
ក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សកិច្ចរបស់គណៈប្រតិភូកម្ពុជា ដើម្បីគោះទ្វារវិនិយោគនៅតាមបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងនោះប្រទេសអាល្លឺម៉ង់ក៏ជាគោលដៅដែលកម្ពុជាចង់ឃើញមានវិនិយោគិនពីអាល្លឺម៉ង់ទៅកម្ពុជា កាន់តែច្រើនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី រំពឹងថាតាមរយៈដំណើរទស្សនកិច្ច និងជំនួបជាមួយលោកស្រីនាឱកាសនេះនឹងអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នារវាងក្រុងនួនប៊ឺក(Nuremberg)និយាយដោយឡែក និងប្រទេសអាល្លឺម៉ង់និយាយជារួម ពិសេសលើកិច្ចការងារវិនិយោគ ការបណ្ដាក់ទុនធុរកិច្ច និងកិច្ចសហការនានាផ្សេងទៀតដែលនឹងលើកកម្ពស់ទំនាក់ទំនងភាគីទាំងពីរផងដែរ។
ជាការឆ្លើយតប លោកស្រីអភិបាលរងក្រុង បានបន្ថែមការប្ដេជ្ញាចិត្តលើការៀបចំឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានារវាងកម្ពុជា និងអាល្លឺម៉ង់ ពិសេសចំពោះក្រុងនួនប៊ឺក(Nuremberg) សំដៅធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នាផងដែរ៕