ភ្នំពេញ ៖ បុណ្យចូលព្រះវស្សា និងអាសាឡបូជា ជាបុណ្យដ៏សំខាន់របស់ព្រះពុទ្ធសាសនា។ បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិឱ្យព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សារយៈពេល ៣ខែ ក្នុងវស្សានរដូវ។ ព្រះបរមសាស្តាទ្រង់បញ្ញត្តិឱ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ព្រោះមានមូលហេតុសំខាន់ ២យ៉ាងគឺ៖
១-ព្រះភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗមានគួរខ្លះ មិនគួរខ្លះ មាននិមន្តជាន់លើភូតគាម ពីជគាម និងធញ្ញជាតិផ្សេងៗ ជាហេតុនាំឱ្យអ្នកស្រុករិះគន់ តិះដៀល និងពោលនូវទោសដល់ព្រះភិក្ខុសង្ឃ។
២-ព្រះពុទ្ធអង្គមានបំណងអនុគ្រោះដល់ព្រះភិក្ខុសង្ឃក្នុងសាសនានេះ កុំឱ្យលំបាកក្នុងការធ្វើដំណើរនៅ រដូវវស្សាដែលមានភ្លៀងជោកជាំ។
ការចូលព្រះវស្សា មាន២យ៉ាង ទី១.បុរិមិកាវស្សា ការចូលវស្សាមុនដំបូង ចាប់ពីថ្ងៃ១រោច ខែអាសាឍ (បើឆ្នាំណាលើកខែអាសាឍពីរដង ត្រូវចូលវស្សានៅថ្ងៃ១រោច ខែទុតិយាសាឍ) ដល់គ្រប់១ត្រីមាស (៣ខែ) ទើបចេញវស្សានៅថ្ងៃ១៥កើត ខែអស្សុជ ទី២.បច្ឆិមិកាវស្សា ការចូលវស្សាលើកក្រោយ (ក្រោយថ្ងៃចូលវស្សា លើកដំបូងចំនួន១ខែ) ចាប់ពីថ្ងៃ ១រោច ខែស្រាពណ៍ ដល់ថ្ងៃ១៥កើត ខែកត្តិក ទើបត្រូវចេញវស្សា។ ការចូលវស្សា លើកក្រោយនេះព្រះពុទ្ធទ្រង់អនុញ្ញាតដល់ព្រះភិក្ខុសង្ឃមានកិច្ចរវល់ដោយប្រការណាមួយ ដែលពុំអាចចូលវស្សា ទី១ ឱ្យចូលវស្សាទី២បាន។
បុណ្យអាសាឡបូជា ជាអភិលក្ខិតសម័យ ដែលត្រូវបានពុទ្ធសាសនិកប្រារព្ធឡើងនៅថ្ងៃ១៥កើត ខែអាសាឍ ជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ព្រឹត្តិការណ៍ធំៗប្រាំ៖
១. ថ្ងៃដែលព្រះបរមពោធិសត្វទ្រង់ចុះចាប់បដិសន្ធិ
២.ថ្ងៃដែលព្រះបរមពោធិសត្វទ្រង់ចេញសាងអភិនេស្ត្រមណ៍
៣.ថ្ងៃដែលព្រះពុទ្ធបរមគ្រូសម្តែងធម្មចក្កប្បវត្តនសូត្រ
៤. ថ្ងៃព្រះពុទ្ធជាម្ចាស់ទ្រង់ស្ថាបនាព្រះសង្ឃ
៥. ថ្ងៃព្រះពុទ្ធអង្គទ្រង់សម្តែងយមកប្បាដិហារ្យ។
សម្រាប់ពុទ្ធបរិស័ទជាគ្រហស្ថស្ត បុណ្យចូលព្រះវស្សា និងអាសាឡបូជា ប្រារព្ធធ្វើនៅថ្ងៃ១៥កើត ខែអាសាឍ ចំណែកព្រះសង្ឃតាមព្រះវិន័យ ចូលនៅថ្ងៃ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ២០២៤។
ដើម្បីឱ្យពិធី បុណ្យចូលព្រះវស្សា និងអាសាឡបូជា ឆ្នាំនេះមានភាពឱឡារិកអធិកអធម
ក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំដល់មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្ត ដូចខាងក្រោម៖ ១-ត្រូវសហការជាមួយសាលាគណ រដ្ឋបាលរាជធានី ខេត្ត និងគ្រឹះស្ថានអប់រំ ដើម្បីធ្វើការផ្សព្វផ្សាយ ខ្លឹមសារ ស្តីពីបុណ្យចូលព្រះវស្សា និងអាសាឡបូជា ដល់ប្រជាពុទ្ធបរិស័ទ និងយុវជនគ្រប់មជ្ឈដ្ឋាន ឱ្យបានយល់ជ្រួតជ្រាបអំពីអត្ថន័យ នៃពិធីបុណ្យចូលព្រះវស្សា និងអាសាឡបូជា ។
២-ត្រូវបំផុសឱ្យគ្រប់វត្តអារាម រៀបចំពិធីបុណ្យចូលព្រះវស្សា និងអាសាឡបូជា ឱ្យបាន មហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា។ សម្រាប់នៅតាមបណ្តារាជធានី ខេត្ត នីមួយៗ ត្រូវជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្រប ប្រារព្ធពិធី បុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា ជាផ្លូវការ។
៣-ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ណែនាំដល់ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ គ្រប់វត្ត មណ្ឌលវិបស្សនាធុរៈ និងអាស្រមព្រះពុទ្ធសាសនាធ្វើការបោសសម្អាតទីធ្លា ព្រះវិហារ កុដិឧបដ្ឋានសាលា និងកន្លែងគោរពសក្ការៈបូជា ព្រមទាំងតុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើង ចងបជា ដែលមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ យាងចេញសាងព្រះផ្នួស ត្រាស់ដឹង សម្តែងធម្មចក្កប្បវត្តនសូត្រ ទ្រង់សម្តែងយមកប្បាដិហារ្យ បរិនិព្វាន និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងបដាពាក្យស្លោកផ្សេងៗ ត្រូវរៀបចំឱ្យមានពិធីចម្រើនព្រះបរិត្ត សម្តែង ព្រះធម៌ទេសនា និងដឹកនាំពុទ្ធបរិស័ទធ្វើសមាធិកម្មដ្ឋាន។
៤-សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពក្នុងពិធីបុណ្យ និងបំផុសសប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ឱ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លា រក្សាឱ្យបាននូវប្រពៃណីដ៏ល្អផូរផ របស់ព្រះពុទ្ធសាសនា និងអនុមោទនាយកអានិសង្សរៀងៗខ្លួន។
៥-សូមពុទ្ធបរិស័ទចូលរួមឧបត្ថម្ភគាំទ្រព្រះភិក្ខុសង្ឃ តាមបណ្តាវត្តអារាមមុនពេល និងកំឡុងពេលនៃ ការចូលព្រះវស្សា ដើម្បីព្រះភិក្ខុសង្ឃបដិបត្តិនូវធម៌វិន័យ និងគង់ចាំព្រះវស្សាឱ្យបានគ្រប់កាល៣ខែ។ ទទួលបានសេចក្តីណែនាំនេះ លោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា

By admin

Leave a Reply

Your email address will not be published. Required fields are marked *