ខេត្តសៀមរាប៖ ស្របពេលដែលរដូវវស្សាចូលមកដល់ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ក៏កំពុងមមាញឹកណាស់ដែរ ពិសេសគឺការជួសជុលកែលម្អ និងត្រួតពិនិត្យទ្វារទឹកសំខាន់ៗ ដើម្បីធានាថា អាចដំណើរការបានល្អពេលមានទឹកច្រើន។
លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានតែងតែចុះត្រួតពិនិត្យសំណង់ទ្វារទឹកនានាជាប្រចាំ ជាពិសេសមុនរដូវវស្សាមកដល់ ក្រុមការងារបស់លោកតែងចុះពិនិត្យ មើលដុំមេកានិចទ្វារទឹក ថាតើវាដំណើរការបានល្អឫយ៉ាងណា ដើម្បីឱ្យប្រាកដថា ពេលមានទឹកច្រើនវាមិនមានបញ្ហាចោទជាយថាហេតុ។ ក្រៅពីនេះ ក៏មានការពិនិត្យតាមជើងទ្វារទឹកផងដែរ ទ្វារទឹកណាខូចខាតខ្លាំង គឺក្រុមការងារអាជ្ញាធរជាតិអប្សរា រៀបចំជួសជុលឡើងវិញ និងឱ្យទាន់ពេលវេលា។
សូមបញ្ជាក់ថា សំណង់ទ្វារទឹកតូចធំសំខាន់ៗនៅក្នុងតំបន់រមណីដ្ឋានអង្គរមានសរុបជាង ២០០កន្លែង។ សំណង់ទាំងនោះត្រូវបានរៀបចំឡើងដើម្បីបញ្ជៀស និងគ្រប់គ្រងទឹកកុំឱ្យជន់លិចតំបន់ប្រាសាទនារដូវវស្សា និងក្រុងសៀមរាប និងងាយស្រួលបញ្ចូលទឹកទៅអាងស្ដុកទឹក ឬបារាយណ៍សំខាន់ៗក្នុងតំបន់អង្គរ៕