ខេត្តសៀមរាប ៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំង និងគម្រោងសាងសង់តំបន់ទេសចរណ៍លំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន«ភ្នំគូលែន កាលពីព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានសម្រេច សាងសង់កន្លែងបោះតង់សម្រាកលំហែ តាមបែបរចនាបទខ្មែរ នៅក្នុងធម្មជាតិ ចំនួន១០កន្លែង ក្នុងជំហានដំបូង នៅសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានប្រកាសផងដែរពីគម្រោង រៀបចំរបៀងសហគមន៍តំបន់ការពារធម្មជាតិទាំង៥ នៅលើខ្នងភ្នំគូលែន ដោយទទួលផលប្រយោជន៍ពីគម្រោងភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយ តាមរយៈគម្រោងអភិវឌ្ឍទេសចរណ៍លំហែបៃតង។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានស្នើសុំឱ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់គម្រោងដែលផ្តល់ភាពជាម្ចាស់ដល់សហគមន៍ ព្រោះប្រជាពលរដ្ឋអាចទទួលបានប្រយោជន៍ពីការផ្តល់សេវាកម្មផ្សេងៗដល់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ និងធានាបាននូវការការពារនិងអភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្តរបស់ខ្មែរ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សម្រាប់គម្រោងនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋ ដែលរស់នៅ តំបន់ជុំវិញតំបន់ការពារ ធនធានធម្មជាតិ មានជីវភាពល្អប្រសើរ ពិសេសស្នើសុំឱ្យពួកគាត់បញ្ឈប់ ការកាប់ទន្ទ្រានព្រៃឈើ បរបាញ់សត្វព្រៃ មកប្រកបមុខរបរនាំភ្ញៀវទេសចរទស្សនាព្រៃ និងសត្វព្រៃ និងផ្តល់សេវាទេសចរណ៍ធម្មជាតិជាដើម។ លើសពីនេះ សុំចូលរួមយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញឱ្យអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្តចម្បងចំនួន៣គឺ ស្អាត បៃតង និងចីរភាព។ ក្រសួងបរិស្ថានគ្រោងផ្តល់មធ្យោបាយគ្រប់គ្រងសំរាម រួមមានយានយន្តដឹក ជញ្ជូន និងឡដុតសំរាម ដើម្បីសំដៅធ្វើយ៉ាងណាបរិស្ថានស្អាតល្អ ដែលជាទីទាក់ទាញវិស័យទេសចរណ៍។
សូមបញ្ជាក់ថា បច្ចុប្បន្ន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ដូចជា «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ» «សហគមន៍ព្រៃធំពពេល» «សហគមន៍ព្រៃភ្នំក្ដួច» «សហគមន៍ព្រៃភ្នំម្នាស់» និង «សហគមន៍ជប់តាសុខ» នៅក្នុងភូមិសាស្រ្ត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលសុទ្ធសឹង តែជាតំបន់ដែលមានព្រៃឈើក្រាស់ មានទេសភាពស្រស់ស្អាត ហើយអាចឱ្យទេសចរជាតិ អន្តរជាតិ អាចបោះតង់ អាចសម្រាកក្បែរមាត់ទឹក និងទស្សនាទឹកធ្លាក់ ប្រាសាទបុរាណ និងបុរាណស្ថាននានា ក្នុងព្រៃជាច្រើនទៀតផង៕