ភ្នំពេញ ៖ លទ្ធផល ជំនួបពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក
នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានជួបពិភាក្សាការងារជាមួយលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការស្វាគមន៍ចំពោះលោក Lloyd Austin រដ្ឋមន្ត្រី ការពារជាតិសហរដ្ឋអាមេរិក និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី២ បន្ទាប់ពីលើក ទី១ លោកអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាប។ នាយឧត្តម សេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ពសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ជួយ ឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជា ពិសេសការជួយពង្រឹង និងលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទ រួមទាំងកងរក្សាសន្តិភាពកម្ពុជាទៅ បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នាពេលកន្លងមក។
នៅក្នុងកិច្ចពិភាក្សា លោក Lloyd Austin បានបង្ហាញពីជំហរបន្តគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា- អាមេរិក ដែលបានថមថយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឈរលើស្មារតីបង្កើនជំនឿទុកចិត្ត ការ គោរពគ្នាទៅវិញទៅមក រួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានជម្រាបជូនឯកឧត្តម Lloyd Austin ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការធ្វើទំនើបកម្មវិស័យការពារជាតិ ជាការងារអាទិភាព។ ក្នុងន័យនេះ លោកបានសំណូមពរ លោក Lloyd Austin បន្តពង្រឹងលើកកម្ពស់ក្រុមកិច្ចសន្ទនាគោលនយោបាយការពារជាតិ, ក្រុមពិភាក្សាទ្វេភាគី ការពារជាតិ និងក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា ធ្វើការឱ្យបានជិតស្និទ្ធឡើងវិញជាមួយភាគីអាមេរិក ក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក ដោយផ្តោតលើ កិច្ចសន្ទនាគោលនយោបាយ និងពិគ្រោះយោបល់, ការកសាងសមត្ថភាពយោធិន, ប្រតិបត្តិការរក្សាសន្តិភាព និងកិច្ច សហប្រតិបត្តិការជំនាញកងទ័ពជើងគោក ជើងទឹក ជើងអាកាសប្រទេសទាំងពីរកម្ពុជា-អាមេរិក។
នាយឧត្តមសេនីយ៍ ទៀ សីហា និង លោក Lloyd Austin បានបង្ហាញជំហររួមគ្នាក្នុងកិច្ចខិតខំប្រឹង ប្រែងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិកឡើងវិញ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច, ប្រតិបត្តិការរក្សា សន្តិភាព “លើកកម្ពស់ការចូលរួមកងកម្លាំងរក្សាសន្តិភាពជាស្ត្រី (យេនឌ័រ), ជួយហ្វឹកហ្វឺនកងរក្សាសន្តិភាព, ការ បោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការបញ្ជូនសិក្ខាកាមទៅសិក្សាជំនាញទ័ពជើងគោក ជើងទឹក ជើង អាកាស នៅសាលា West Point សហរដ្ឋអាមេរិក និងការបណ្តុះបណ្តាលវគ្គជំនាញបច្ចេកទេសផ្សេងៗ។
ជំនួបពិភាក្សារវាង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកងទ័ពទាំងពីរកម្ពុជា-អាមេរិក ឱ្យកាន់តែប្រសើរឡើង ដែលនាំមកនូវឧត្តមប្រយោជន៍ជូនកងទ័ព
និងប្រជាជនសម្រាប់អនាគត ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ