ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង) មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦% គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា លទ្ធផលការងារសាងសង់សម្រេចបាន រួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧,៣១%, ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤១,៥០% ដែលគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ ខណៈការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។
សម្រាប់ការធ្វើដំណើរលោកផនរឹម បានបញ្ជាក់ថា នៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។
បច្ចុប្បន្ន កំណាត់ផ្លូវលេខ១០ មានស្ថានភាព ដូចតទៅ៖ ពី pk0 (សំឡូត) -pk60 (ក្រពើពីរ) កៅស៊ូ ,ពី pk 60-pk 85 ក្រួសក្រហម ,ពី pk 85-pk112 (អូរសោម) កៅស៊ូ, ពីpk 112-pk 130 ក្រួសក្រហម (អាចរអិលបន្តិចបន្តួចពេលភ្លៀងលើកំណាត់ខ្លះៗ) ,ពីpk 130-pk 160 កៅស៊ូ,pk 160 -pk 175 ក្រួសក្រហម និងពីpk 175-pk 198 (កោះកុង) កៅស៊ូ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕