ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងសិរីសោភ័ណបាន ដឹកនាំកម្លាំងចុះបង្ក្រាបក្លិបកម្សាន្តTNL (ចំការខ្នុរ) ឃាត់ខ្លួនចំនួន២៤នាក់ ដោយរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួន នៅយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតភូមិចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា ៖ ចុះប្រតិបត្តិការបង្ក្រាបទីតាំងក្លិបកម្សាន្តយីហោ TNL (ចំការខ្នុរ)ធ្វើឡើងចាប់ពីម៉ោង២ ដល់៤ទាបភ្លឺ ដោយបានឃាត់ខ្លួនចំនួន២៤នាក់ ក្នុងនោះមានភ្ញៀវចំនួន១៧នាក់ ស្រី២នាក់ និងអ្នកបម្រើសេវាក្នុងក្លិបចំនួន៧នាក់ និងរឹបអូសវត្ថុតាងមានគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។
លោកបានបញ្ជាក់ថា ៖ ការចុះប្រតិបត្តិបង្ក្រាបក្លិបកម្សាន្តនេះ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបាននាំកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ មនុស្សដែលឃាត់ខ្លួន២៤នាក់ ត្រូវយកមកធ្វើតេស្តរកសាធាតុញៀន បើរកឃើញ និងអនុវត្តតាមច្បាប់ត្រូវបញ្ជូនទៅតុលាការ និងអ្នកដែលរកមិនឃើញធ្វើការអប់រំ និងកិច្ចសន្យាអោយបញ្ឈប់សកម្មភាព ។លោកអភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា ៖ ការបង្ក្រាបគឺតាមការណែនាំពីឯកឧត្តម អ៊ុំរាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ ។