(ភ្នំពេញ)៖ក្បាលរថភ្លើងដុតម៉ាហ្សូតប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿង ដែលបានទិញមកពីប្រទេសជប៉ុន នឹងដាក់ឱ្យដំណើរការរត់លើផ្លូវដែក ក្នុងពេលឆាប់ៗខាងមុខ។លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យកាសែតដឹងថា៖តាមផែនការរថភ្លើងសម្រាប់អ្នកដំណើរនេះ បានកំណត់ឱ្យរត់នៅលើផ្លូវរថភ្លើងភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) តម្រូវឱ្យរត់៨០km/h និងផ្លូវរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) តម្រូវឱ្យរត់ចន្លោះពី ៣០-៥០km/h។
លោក ផន រីម បានប្រាប់ថា នៅពេលនេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia (RRC) ព្រមទាំងក្រុមជាងជំនាញពីបរទេស បានចុះពិនិត្យរួមគ្នា និងធ្វើការងារលើការងារកែតម្រូវកង់រថភ្លើងដឹកអ្នកដំណើរជប៉ុន ពីទទឹងផ្លូវដែក 1067មម (ស្តង់ដារផ្លូវដែកជប៉ុន) មកទទឹងផ្លូវដែក 1000មម (សម្រាប់ស្តង់ដារផ្លូវដែកកម្ពុជា) និងប្រព័ន្ធហ្វ្រាំងរថភ្លើង សម្រាប់ប្រើប្រាស់ ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព។
ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំក្រុមហ៊ុន Royal Railway Cambodia បន្ទាប់ពីកែតម្រូវរួច ត្រូវធ្វើការសាកល្បងរត់នៅលើផ្លូវដែក រហូតដល់ប្រាកថា មានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរមុននឹងដាក់ឱ្យដំណើរការជាផ្លូវការ ចំពោះវឌ្ឍនភាពនៃការកែសម្រួលបច្ចេកទេសទូររថភ្លើងនេះ កំពុងបន្ត និងសម្រេចលទ្ធផលបានច្រើនហើយ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុន Royal Railway Cambodia យកចិត្តទុកដាក់ខ្ពស់លើការធានាសុវត្ថិភាព និងផាសុកភាពរបស់បងប្អូនអ្នកដំណើរ។
តាមអ្នកនាំពាក្យ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការលើកកម្ពស់សុវត្ថិភាព នៃដំណើរប្រតិបត្តិការប្រចាំថ្ងៃ របស់ក្រុមហ៊ុន ដោយរាប់ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជន ដែលមានចរាចរណ៍មមាញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលអាចធ្វើបាន។ ក្រុមហ៊ុន Royal Railway Cambodiaទើប បានទិញក្បាលរថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿងពីប្រទេសជប៉ុន៕