ខេត្តព្រះសីហនុ ៖នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមដឹកនាំការដាំកូនក្ងោកចំនួន ៨៨៤ដើម អមសងខាងផ្លូវជាតិលេខ៤ ចាប់ពីខាងមុខផ្លូវចូលល្បឿនលឿន មកដល់រោងចក្រក្រោន ។a kourch tree
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនចូលរួមដាំដើមឈើ ថែរក្សា ការពារ ដើម្បីសោភ័ណភាពនិងបរិស្ថានបៃតង នៅក្នុងក្រុងរបស់យើង។ លោកឲ្យដឹងថា កូនដើមក្ងោកនេះបានមកពីមន្ទីរកសិកម្មខេត្តព្រះសីហនុ បណ្តុះកូនក្ងោកសម្រាប់ដាំតាមដងផ្លូវជាតិក្នុងក្រុងព្រះសីហនុ គោលបំណងបង្កើតសោភ័ណភាពតាមដងផ្លូវ មានបរិស្ថានបៃតងរស់នៅប្រកបដោយផាសុខភាព ចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុជាម្លប់និងជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន រវាងរដ្ឋបាលខេត្តជាមួយមន្ទីរអង្គភាព កងកម្លាំងសមត្ថកិច្ចប្អូនៗសិស្សានុសិស្សលោកគ្រូអ្នកគ្រូដែលបានចូលរួមដាំផងដែរ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានលើកឡើងថា ការដាំដើមក្ងោកនេះ មន្ត្រីបច្ចេកទេស នៃមន្ទីរកសិកម្ម បានធ្វើការបណ្តុះដើមក្ងោកបានចំនួន ១២ .៥០០ដើម មកទល់ពេលនេះវាមានរយៈពេល ១ឆ្នាំ កូនក្ងោកមានកម្ពស់ប្រមាណ ១ម៉ែត្រ ទៅ ១,៥០ម៉ែត្រ យកទៅដាំតាមដងផ្លូវជាតិលេខ៤ ចាប់ពីចំណុចរង្វង់មូលនាគកងកេង មកទល់ច្រកចូលទី១ នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ ចំនួន ១០ .០០០ដើម។ ក្នុងកម្មវិធីថ្ងៃនេះអាជ្ញាធរខេត្តដាំដើមក្ងោកបានចំនួន ៨៨៤ដើម ចាប់ពីច្រកចេញផ្លូវល្បឿនលឿន រហូតដល់ រោងចក្រញូរស្តារ ហើយបន្ទាប់ពីចប់កម្មវិធីនេះទៅ មន្ត្រីបច្ចេកទេសនឹងបន្តដាំរហូតដល់សម្រេចតាមផែនការដែលបានគ្រោងទុក។