ខេត្តប៉ៃលិន៖ បើតាមប្រភពពីកម្លាំងនគរបាលជំនាញស្រុកសាលាក្រៅ នៅវេលាម៉ោង ៧ និង ៤៥នាទីព្រឹក ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤ មានករណី មនុស្សលង់ទឹកស្លាប់ម្នាក់ នៅចំណុចភូមិអូរអណ្ដូង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចនគរបាលជំនាញស្រុកបានបញ្ជាក់ថា÷សពឈ្មោះ នួន ខេត ភេទ ស្រី អាយុ ៧៨ ឆ្នាំ មានទីលំនៅភូមិ/ឃុំ កើតហេតុខាងលើ។
នៅមុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីផ្ទះទៅមុជទឹកស្ទឹង នៅក្បែរផ្ទះរបស់គាត់ មួយសន្ទុះក្រោយមកក៏មានអ្នកភូមិក្បែរគ្នាបានដើរទៅមុជទឹកនៅទីនោះដែរ ក៏ប្រទះឃើញគាត់បានលង់ ទឹកស្លាប់បាត់ទៅហើយ និងតាមការបញ្ជាក់ពីសាច់ ញាតិថាសពខាងលើមានជំងឺប្រចាំកាយតែងតែប្រកាច់ជាញឹកញាប់។
ក្រោយពីកម្លាំង ជំនាញកោសល្យវិច័យនៃអធិការ ដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអណ្ដូង សហការជាមួយក្រុមគ្រូ ពេទ្យ, ចុះពិនិត្យសាកសពខាងលើ រួចបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
ក្រោយពីកម្លាំងជំនាញបានពិនិត្យចប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិ្តធ្វើបុណ្យតាមប្រពៃណី នៅភូមិ/ឃុំ កើតហេតុខាងលើ៕