ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដបន្ទាយមានជ័យ បានដាក់ចេញ៤ចំណុចដើម្បីពង្រឹងអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខេត្ត ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ។
យោងតាមលិខិតណែនាំរដ្ឋបាលខេត្ដបន្ទាយមានជ័យចុះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ដើម្បីអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្ដ សូមលោកឧត្តមសេនីយ៍ស្នងការខេត្ត និងលោកអភិបាលក្រុង ស្រុក រួមសហការ និងចាត់ចែងការងារចំពោះមុខ ចំនួន៤ចំណុចដូចខាងក្រោម៖
១, ពង្រឹងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
២, ចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្រខេត្ត ក្រុង ស្រុក ទូទាំងខេត្ត ឱ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសការបង្កសកម្មភាពទាំងឡាយណាដែលកើតឡើងធ្ងន់ធ្ងរ គឺត្រូវអនុវត្តច្បាប់ដោយគ្មានការលើកលែង។
៣, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវរួមសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។
៤, ស្នងការដ្ឋាននគរបាលខេត្ត ត្រូវរៀបចំផែនការ និងវិធានការជាក់ស្តែង នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងរាយការណ៍អំពីវឌ្ឍភាពនៃការអនុវត្ដ មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីមានមូលដ្ឋានក្នុងការដឹកនាំ និងផ្ដល់អនុសាសន៍ និងការគាំទ្រ៕​ នគរវត្ត​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ