ខេត្តកណ្តាល៖មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល សហការជាមួយសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ចាប់បានសាច់បង្កកខូចគុណភាពប្រមាណជាង៦តោនដែលឈ្មួយនាំចូលតាមច្រកជ្រៃធំកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ។
ក្រោយការត្រួតពិនិត្យ សាច់បង្កកនាំចូលតាមច្រកជ្រៃធំ សរុបមានចំនួន ៦.០៥តោន។ ដោយក្នុងនោះមន្ត្រីជំនាញបានរកឃើញថា សាច់ក្របីបង្កក ម៉ាក CORAL ចំនួន១០០កេស(១កេស=២១គីឡូក្រាម) =២១០០គីឡូក្រាម (ប្រភពប្រទេសឥណ្ឌា) សាច់ជ្រូកបង្កកម៉ាក APK ចំនួន២០០កេស (១កេស=១៧គីឡូក្រាម) =៣៤០០គីឡូក្រាម (ប្រភពប្រទេសរុស្សី) មឹកបង្កប ម៉ាក FRESH ចំនួន៥០កេស (១កេស=១១គីឡូក្រាម)=៥៥០គីឡូក្រាម (ប្រភពប្រទេសចិន) សរុបចំនួន ៦០៥០គីឡូក្រាម ដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដារបច្ចេកទេស ហើយសាច់បង្កកទាំងនោះបានខូចគុណភាពទៅហើយ ។
ដោយមានការឯកភាពពី ព្រះរាជអាជ្ញារង មន្ត្រីជំនាញ ក.ប.ប. និងស្ថាប័នពាក់ព័ន្ធ បានសម្រេចធ្វើការដុតកម្ទេចចោលសាច់បង្កកខូចគុណភាពទាំងនោះទៅតាមនីតិវិធី នៅក្នុងបរិវេណការិយាល័យគយនិងរដ្ឋាករជ្រៃធំ ជៀសវាងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ប្រសិនបើផលិតផលសាច់បង្កកទាំងនោះបានលក់នៅលើទីផ្សារ។គេមិនដឹងថាតើអ្នកនាំចូលជាអ្នកណាហើយមានទោសបែបណានោះទេ?។