ខេត្តព្រះសីហនុ ៖ កត្តាជីវភាព មិនមែនជាឧបស័គ្គ សម្រាប់ក្មួយស្រី ភាព ស្រីណាត់ នោះទេ ! ទោះជាមានជីវភាពខ្វះខាត កន្លងមកក្មួយពិតជា បានតស៊ូរៀនសូត្រ ប្រឡងបាក់ឌុប ទទួលបាននិទ្ទេស (A)។ នេះជាការលើកឡើងពីប្រជាពលរដ្ឋ គាំទ្រលើការប្រឹងប្រែងរបស់គាត់ ។ ប្រជាពលរដ្ឋបានបន្តថា ៖ ឥឡូវក្មួយមកប្រឡងជាប់ ផ្នែកគ្រូ អនុវិទ្យាល័យហើយ…! សូមអបរសាទរ ចំពោះការខិតខំរបស់ក្មួយ ធ្វើឱ្យជីដូន ជាអ្នកលាងចានរកប្រាក់ចិញ្ចឹមចៅ សប្បាយចិត្ត ហើយសង្គមទទួលស្គាល់ ពីសមត្ថភាពក្មួយ ខ្លាំងណាស់ ព្រោះសម័យនេះ «ចេះជាប់» ពិតប្រាកដ គ្មានអំពើសូកប៉ាន់ ។
គេបានបង្ហោះបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកព្រោងព្រាតថា ៖ ភាពក្រីក្រមិនអាចកម្រិតវាសនានារីម្នាក់មកពីស្រុកព្រៃនប់ខេត្តព្រះសីហនុបានឡើយ ដោយនាងយកការសិក្សាជាត្រីមុខរហូតប្រឡងជាប់និទ្ទេសA និងប្រឡងជាប់ជាគ្រូបង្រៀនកម្រិតមូលដ្ឋានកាលពីពេលថ្មីៗនេះគឺកញ្ញា ភាព ស្រីណាត់។ សព្វថ្ងៃកញ្ញារស់នៅជាមួយជីដូន ដែលមានរបរស៊ីឈ្នួលលាងចានឱ្យគេ។ ពាក្យមួយឃ្លាប្រកបដទៅដោយអត្ថន័យខ្ពស់ចំពោះអ្នកក្រនោះគឺ “ការទៅរៀនមិនសំខាន់ទាល់តែមានលុយនោះទេ ឱ្យតែបានទៅរៀន ទោះអត់អ្វីអត់ទៅ” ។ កញ្ញាប្រឡងជាប់គ្រូ ឯកទេស ជីវវិទ្យា ១២បូក៤ ដែលត្រូវសិក្សានៅរាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ។ ពេលរៀនចប់គរុកោសល្យ កញ្ញានឹងចេញទៅបង្រៀននៅអនុវិទ្យាល័យកោះតូច ស្ថិតក្នុងខេត្តព្រះសីហនុ។ តើកញ្ញា ភាព ស្រីណាត់ មានការតស៊ូយ៉ាងណា? សូមឱ្យយុវជនយើងដើរតាមគំរូមួយនេះ ភាពក្រីក្រវាលំបាករួចទៅហើយ សំខាន់ត្រូវប្រើប្រាស់គំនិត តស៊ូ ប្រកបដោយសីលធម៌ ក្នុងគ្រួសារ និងសង្គម ដែលអាចកែប្រែការរស់នៅ ជីវភាព ថ្លៃថ្នូរបំផុត ៕នគរវត្ត