សារព័ត៌មាន AFP បានផ្សាយថា នាយករដ្ឋមន្ត្រីនៃប្រទេសចិន និងជប៉ុន បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងបំផុត ក្នុងរយៈពេល៥ឆ្នាំ ដែលត្រូវបានរំពឹងថានឹងផ្ដោតសំខាន់លើបញ្ហាសេដ្ឋកិច្ចជាជាងបញ្ហាភូមិសាស្ត្រនយោបាយរសើបៗ។
នៅក្នុងទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងជំនួបដាច់ដោយឡែកពីគ្នា។ លោក Yoon ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០២២ បានទុកគំនុំចាស់សល់ពីសម័យអាណានិគមជប៉ុនមួយឡែកសិន ដើម្បីសហការជាមួយទីក្រុងតូក្យូ ទប់ទល់នឹងអ្វីដែលប្រទេស២ មើលឃើញថាជាការកើនឡើងការគំរាមកំហែងពីកូរ៉េខាងជើង។
ថ្លែងមុនចេញដំណើរឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល លោក Kishida បាននិយាយថា «ចាប់តាំងពីកិច្ចប្រជុំត្រីភាគីលើកចុងក្រោយបំផុតរវាងប្រទេសទាំង៣ តំបន់របស់យើងនិងទិដ្ឋភាពសកលលោកបានផ្លាស់ប្ដូរយ៉ាងខ្លាំង ដូច្នេះហើយកិច្ចប្រជុំថ្មីពិតជាមានសារៈសំខាន់បំផុត។
លោក Yoon នឹងរៀបចំជំនួបទ្វេភាគីជាមួយលោក Li Qiang ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅកូរ៉េខាងត្បូងរបស់លោក Li ចាប់តាំងពីលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចិនក្នុងខែមីនា ឆ្នាំ២០២៣។ បន្ទាប់មកទៀត ទើបជួបលោក Kishida ហើយមេដឹកនាំនៃប្រទេសទំាង៣ នឹងទទួលអាហារពេលល្ងាចជាមួយគ្នានៅល្ងាចថ្ងៃអាទិត្យនេះ។ ក៏ប៉ុន្តែ ដោយសារតែការប្រកាន់គោលជំហរផ្សេងគ្នា ចំពោះបញ្ហាមួយចំនួនដូចជាសង្រ្គាមនៅអ៊ុយក្រែននិងកូរ៉េខាងជើងជាដើម បូករួមទាំងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ក្នុងនាមជាសម្ព័ន្ធមិត្តរបស់ជប៉ុននិងកូរ៉េខាងត្បូង គេមិនសូវជារំពឹងថានឹងមានលទ្ធផលធំដុំពីកិច្ចប្រជុំត្រីភាគីនៅពេលនេះនោះទេ៕