ភ្នំពេញ ៖ ឯកឧត្តម ត្រិន ថាញ់មិន
ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទីក្រុងហាណូយ
ឯកឧត្តម ជាទីគោរពរាប់អាន!
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម ដែល បានជាប់ឆ្នោតជា ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី១៥នៃរដ្ឋសភា វៀតណាម កាលពីថ្ងៃទី២០ ខែឧសភា។ តួនាទីដ៏ស័ក្តិសមសម្រាប់ ឯកឧត្តម នេះ ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងជំនឿជឿជាក់ ដែលគណបក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម មានចំពោះ ឯកឧត្តម ក្នុងការដឹកនាំ រដ្ឋសភាដើម្បីភាពប្រសើរឡើង និងវិបុលភាពខ្ពស់ជាងមុនសម្រាប់ប្រទេសវៀតណាម។
ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់យើងកាលពី ៥៧ ឆ្នាំមុនមក កម្ពុជា និងវៀតណាម មានទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលបន្តរីកចម្រើនឥតឈប់ឈរ និងមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធលើគ្រប់វិស័យ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីធ្វើឱ្យកាន់តែស៊ី ជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែងរបស់យើង ក្រោមគោលការណ៍នៃ ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាព ប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេស និងស្ថាប័ននីតិប្បញ្ញត្តិរបស់យើងទាំងពីរ។
ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋសភាវៀតណាម នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការសភារបស់យើង ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធផល ទាំងក្រោម ក្របខណ្ឌទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុល ភាពនៃប្រទេសយើងទាំងពីរ និងតំបន់ ។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អាន និងសព្ទសាធុការពរពីខ្ញុំ សូម ឯកឧត្តម មានសុខភាព ល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ