ប្រទេសចិន៖ នៅថ្ងៃព្រហស្បតិ៍ទី១៦ឧសភានេះ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក ពូទីន មកកាន់ប្រទេសចិនប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកកិច្ចប្រជុំទ្វេភាគី នៅឯទីក្រុងប៉េកាំង ។ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៥បានឲ្យដឹងថា៖ លោក ស៊ីបានថ្លែងប្រាប់លោក ពូទីន ដូច្នេះថា «ទំនាក់ទំនងចិន-រុស្ស៊ី មិនត្រឹមតែបម្រើចំពោះផលប្រយោជន៍មូលដ្ឋាន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកចំពោះសន្តិភាពពិភពលោកផងដែរ។ ចិនត្រៀមលក្ខណៈជាស្រេច ក្នុងការធ្វើការជាមួយរុស្ស៉ី ដើម្បីរក្សាការពារតម្លាភាពនិងយុត្តិធម៌ នៅលើពិភពលោក»។ លោក ស៊ី បានបន្ថែមទៀត ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ដើម្បីកសាងចំណងទាក់ទងឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយរុស្ស៉ី។a putin china
ចំណែក លោក ពូទីន វិញ បានប្រាប់ទៅកាន់លោក ស៊ីថាទំនាក់ទំនងរុស្ស៊ី-ចិន គឺជាកម្លាំងដែលជួយផ្តល់ស្ថិរភាព សម្រាប់ពិភពលោកដែលសព្វថ្ងៃមានភាពវឹកវរច្រើន ។លោកប្រធានាធិបតីរុស្ស៊ី បានបន្តថា ចំណងទាក់ទងរវាងប្រទេសទាំងពីរ មិនមែនមានលក្ខណៈឱកាសនិយម ឬក៏មានគោលដៅប្រឆាំងប្រទេសផ្សេងណាមួយឡើយ។ លោក ពូទីន បានសង្កត់ធ្ងន់ដូច្នេះថា «កិច្ចសហប្រតិបត្តិការរបស់យើង ក្នុងបញ្ហាអន្តរជាតិផ្សេងៗ គឺជាកត្តាជួយផ្តល់ស្ថិរភាព នៅលើឆាកអន្តរជាតិ»។
គួរបញ្ជាក់ថា ចិន និងរុស្ស៊ីបានប្រកាសពី «ភាពជាដៃគូគ្មានព្រំដែន» កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោកប្រធានាធិបតីរុស្ស៉ី បញ្ជាឱ្យកងទ័ពរបស់លោកវាយលុកចូលអ៊ុយក្រែន។ ដោយជ្រើសរើសចិនជាគោលដៅ ធ្វើទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូង ចាប់តាំងពីស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី ក្នុងអាណត្តិថ្មីមានរយៈពេល៦ឆ្នាំ កាលពីពេលថ្មីៗនេះ លោក ពូទីន ចង់បញ្ជូនសារមួយទៅកាន់ពិភពលោកពីអាទិភាពរបស់លោក និងភាពស៊ីជម្រៅនៃទំនាក់ទំនងជាមួយលោក ស៊ី ជីនពីង។
លោក វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកថា «ការខិតជិតគ្នារវាងម៉ូស្កូនិងប៉េកាំង ជាទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ ហើយជាកម្លាំងចលករជំរុញស្ថិរភាពនៅលើឆាកអន្តរជាតិ។ មិត្តភាពជាយុទ្ធសាស្ត្រនេះ ពុំមែនជាការឆ្លៀតឱកាសនិយម ឬដឹកនាំឆ្ពោះទៅប្រឆាំងនរណា១ឡើយ»។ចំពោះកិច្ចសហការទ្វេភាគី លោក ពូទីន ប្រកាសថា អាចមានចាប់តាំងពីផ្នែកថាមពលនុយក្លេអ៊ែរ រហូតដល់វិស័យចំណីអាហារ ដោយមិនរំលងពីការផលិតរថយន្តចិននៅរុស្ស៊ី។ នេះបើតាមការផ្សាយរបស់កាសែតរុស្ស៊ី RIA Novosti។ បើតាមប្រភពីវិមានក្រេមឡាំងដែលបញ្ជាក់កាលពីក្នុងសប្តាហ៍ ថ្នាក់ដឹកនាំកំពូលទាំងទ្វេ នឹងពិភាក្សាគ្នាអំពីវិស័យអភិវឌ្ឍកិច្ចសហការចិន-រុស្ស៊ី ដោយដោះដូរគំនិតយល់ឃើញប្លែកៗជុំវិញសំណុំរឿងតំបន់និងអន្តរជាតិ ទៀតផង។
បើតាមអ្នកជំនាញកិច្ចការចិននិងរុស្ស៊ី មានសំណុំរឿងសំខាន់ៗយ៉ាងហោច ៣ ដែលលោក ពូទីន និងលោក ស៊ី ត្រូវជជែកគ្នា។ ពោលគឺ ទី១ ជុំវិញវិស័យសន្តិសុខការពារជាតិរុស្ស៊ី ដែលរុស្ស៊ីត្រូវការជំនួយគាំទ្រពីចិន។ ទី២ ករណីកូរ៉េខាងជើង ដែលរុស្ស៊ីក៏បន្តចាប់អារម្មណ៍ចង់បានគ្រឿងសព្វាវុធរបស់ក្រុងព្យុងយ៉ាង។ ទី៣ បញ្ហាហិរញ្ញវត្ថុ ទូទាត់សាច់ប្រាក់រវាងក្រុមហ៊ុនចិននិងរុស្ស៊ី ដ្បិតថា ក្រុមហ៊ុនចិន កាន់តែប្រយ័ត្នខ្លាំងៗ ខ្លាចជាប់ទណ្ឌកម្មហិរញ្ញវត្ថុរបស់បស្ចិមលោក។ ពេលនេះ មានអ្នកជំនួញចិនរុស្ស៊ី ៨ នាក់ហើយជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិក ដែលទើបនឹងប្រកាសថ្មីៗ ពាក់ព័ន្ធជុំវិញការជ្រោមជ្រែងផ្នែកលុយកាក់ អនុញ្ញាតឲ្យរុស្ស៊ីបំពាក់បំប៉នសង្គ្រាមនៅអ៊ុយក្រែន។
នៅលើទិដ្ឋភាពជាក់ស្តែង រុស្ស៊ីត្រូវការចិន ដើម្បីជាដៃគូផ្តល់គ្រឿងបង្គំសម្ភារៈបរិក្ខារផ្សេងៗ ហើយ ដើម្បីបញ្ចេញលក់ថាមពល ប្រេង និងឧស្ម័នរុស្ស៊ី ដែលកំពុងជាប់ទណ្ឌកម្មរបស់ប្រទេសបស្ចិមលោក។ ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន អនុញ្ញាតឲ្យ រដ្ឋបាលក្រុងម៉ូស្គូ អាចបង្កើនផលិតកម្មអាវុធ មីស៊ីល ដ្រូន និងរថគ្រោះរបស់ខ្លួន។ ភាគីរដ្ឋបាលក្រុងប៉េកាំងវិញ ក៏ត្រូវការ វត្ថុធាតុដើមរបស់រុស្ស៊ី ខ្លាំងណាស់ដែរ ដើម្បីបំប៉នម៉ាស៊ីនឧស្សាហកម្មរបស់ខ្លួន ហើយចិនក៏ត្រូវការទីផ្សាររុស្ស៊ីដើម្បីលក់រថយន្តចិន។ ឡានចិន បានក្លាយជាទីផ្សារទី១ នៅរុស្ស៊ី ។
តាំងពីផ្ទុះសង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែនមក កាន់តែធ្វើឲ្យចំណងពាណិជ្ជកម្មចិន-រុស្ស៊ី បានរីកធំឡើងៗ រហូតដល់ទំហំ ២៤០ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ នេះបើតាមទីភ្នាក់ងារគយ ចិន។
តាមគម្រោង ថ្ងៃព្រហស្បតិ៍ ថ្នាក់ដឹកនាំប្រទេសទាំង២ នឹងចូលរួមរាត្រីសមោសរ ស្តីពីទំនាក់ទំនងស្អិតល្មួត ៧៥ ឆ្នាំ រវាងចិននិងរុស្ស៊ី។ ថ្ងៃសុក្រ ទី១៧ឧសភា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងបន្តធ្វើដំណើរទស្សនកិច្ចនៅស្រុកចិន ដោយតម្រង់ឆ្ពោះទៅវិទ្យាស្ថានបច្ចេកវិទ្យា តំបន់ហារប៊ិន ប៉ែកភាគឦសានប្រទេសចិន។ វិទ្យាស្ថានចិនមួយនេះ ជាមណ្ឌលមណ្ឌលស្រាវជ្រាវផលិតមីស៊ីលនិងសិក្សាអាវកាស។ ខែឧសភា ឆ្នាំ២០២០ សហរដ្ឋអាមេរិក បានដាក់វិទ្យាស្ថានហារប៊ិន ក្នុងបញ្ជីខ្មៅទណ្ឌកម្ម។ វិទ្យាស្ថានហារប៊ិន ឋិតក្នុងក្រុងដែលមានពលរដ្ឋរុស្ស៊ីរស់នៅច្រើនផង ហើយនិងវាបង្កើតឡើងនៅឆ្នាំ១៩២០ ដើម្បីជួយបណ្តុះបណ្តាលអ្នកបច្ចេកទេសផ្លូវដែក និងចែករំលែកចំណេះដឹងរបស់សហភាពសូវៀត ទៅចិនកុម្មុយនិស្ត៕