ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ សូមចូលរួមជាមួយអ្នកសារព័ត៌មានទាំងអស់អបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៤ ដែលប្រារព្ធធ្វើក្រោមប្រធានបទ «សារព័ត៌មានដើម្បីភពផែនដី ៖ សារព័ត៌មានក្នុងបរិបទនៃវិបត្តិបរិស្ថាន»។
នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនូវវិបត្តិបរិស្ថានជាសកល ដែលក្នុងនោះរួមមាន៖ ១. ការបម្រែបម្រួលអាកាសធាតុ ,២. ការបាត់បង់នូវជីវចម្រុះ និង៣. ការបំពុលខ្យល់ ជាមួយគ្នានេះក៏មានយុទ្ធនាការផ្សព្វផ្សាយនូវព័ត៌មានញុះញង់ ដើម្បីបង្កើតការសង្ស័យ និងប៉ុនប៉ងបន្ទុចបង្អាក់លើការខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមដ៏ធំជាសកលនេះផងដែរ។ ក្នុងន័យនេះហើយ ដែលពិភពលោកបានទទួលស្គាល់នូវ តួនាទីដ៏សំខាន់ចាំបាច់របស់ សារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត ដែលអាចជឿទុកចិត្ត ក្នុងន័យដើម្បីបង្កើននូវសំឡេង ទស្សនៈ គំនិត ការប្រឹងប្រែង និងការចូលរួមពីគ្រប់តួអង្គ ដើម្បីការពារភពផែនដីរបស់យើង។
សម្រាប់នៅប្រទេសកម្ពុជា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមសម្តែងនូវសេចក្តីរីករាយជាមួយអ្នកសារព័ត៌មានជាតិ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱកាសនិងពេលវេលាដ៏មានតម្លៃ អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាតិ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា។ ជំនួបនេះមានអត្ថន័យនិងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ កង្វល់ សំណើ និងសំណូមពរនានារបស់អ្នកសារព័ត៌មាន និងបញ្ជាក់ពីការលើកកម្ពស់តួនាទីសេរីភាពសារព័ត៌មានក្នុងសង្គមកម្ពុជា។ ជំនួបដ៏ធំប្រចាំឆ្នាំ រវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មាន ជាលើកទី៦ ឆ្នាំ២០២៤នេះ ក៏រំលឹកឡើងវិញពីភាពចាំបាច់នៃតួនាទីសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ ជាស្ពានទំនាក់ទំនងរវាងប្រជាជន និងរាជរដ្ឋាភិបាល និងការចូលរួមរបស់វិស័យព័ត៌មានក្នុងការថែរក្សាសុខសន្តិភាព ដែលគាំទ្រដល់ដំណើររីកចម្រើនរបស់សង្គមជាតិ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានពិនិត្យឃើញថា ដូចគ្នានឹងបរិបទទូទៅរបស់សកលលោកផងដែរ វិស័យសារព័ត៌មាននៅកម្ពុជា បានកំពុងទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីកត្តាវិវត្តន៍ជឿនលឿននៃបច្ចេកវិទ្យាឌីជីថល ការជួបប្រទះបញ្ហាប្រឈមក្នុងសេដ្ឋកិច្ចរហូតដល់កាសែតប្រពៃណីមួយចំនួនបានឈប់បោះពុម្ពលើក្រដាស និងការប្រឈមនូវភាពខ្វះចន្លោះមួយចំនួនដែលទាមទារនូវការប្រឹងប្រែងរួមបន្ថែមទៀត ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិ ក៏ដូចជាដើម្បីបន្តរក្សាបាននូវតួនាទីដ៏សំខាន់របស់វិស័យសារព័ត៌មាននៅកម្ពុជា យើងខ្ញុំសូមស្នើសុំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យពិចារណាដូចតទៅ៖
១. កម្ពុជា សមល្មមកាលវេលាក្នុងការចាប់ផ្តើមពិនិត្យនិងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ដែលច្បាប់នេះមានអាយុកាលជិត៣០ឆ្នាំហើយ ហើយនៅខ្វះចន្លោះចំណុចខ្លឹមសារ សំខាន់ៗជាច្រើនសម្រាប់បម្រើកម្ពុជាក្នុងយុគសម័យឌីជីថល។
២. ឯកសារស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន រួមទាំងគោលការណ៍ប្រើប្រាស់បណ្តាញសង្គមនិង អ៊ុនធឺណិត គួរត្រូវបានរៀបចំតាក់តែងឱ្យបានលឿន មានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានឯកសារតម្រង់ទិសក្រមសីលធម៌ ស្របតាមគោលការណ៍ច្បាប់ដែល មានចែង និងដើម្បីជួយអ្នកសារព័ត៌មាននិងអ្នកផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល ក្នុងការបន្ត បំពេញតួនាទីកាន់តែប្រសើរ មានសារប្រយោជន៍ជាវិជ្ជមានជួយដល់សហគមន៍ និងប្រទេសជាតិ។
៣. អ្នកសារព័ត៌មានត្រូវបន្តទទួលការបណ្តុះបណ្តាលជាប្រចាំ ហើយសូមស្នើម្ចាស់អង្គភាពលើក ទឹកចិត្ត និងគាំទ្រការបណ្តុះបណ្តាលនេះ ដើម្បីផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានបានអភិវឌ្ឍន៍ សមត្ថភាពថ្មីៗ ស្របតាមការវិវត្តន៍របស់បច្ចេកវិទ្យានិងការរីកចម្រើននៃសង្គមសេដ្ឋកិច្ច។ ជាមួយ គ្នានេះ សូមស្នើសុំម្ចាស់អង្គភាពគិតគូរដល់ជីវភាពអ្នកសារព័ត៌មាន និងជួយរៀបចំឱ្យមាន បេឡាជាតិ សន្តិសុខសង្គម (ប.ស..) ដល់បុគ្គលិកសារព័ត៌មាន ដើម្បីទទួលបាននូវការគាំពារផ្នែកថែទាំ សុខភាព និងផ្នែកហានិភ័យការងារ។
៤. សូមស្នើសុំបន្តកិច្ចសហការល្អប្រសើរ រវាងអ្នកនាំពាក្យនិងមន្ត្រីព័ត៌មាន ជាមួយអ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិនៃការទទួលព័ត៌មាន ហើយសំខាន់លើសពីនេះ គឺដើម្បីទទួលបានព័ត៌មាន ពិតគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋាននៃការយល់ដឹងរបស់សាធារណជន ក៏ដូចជាមូលដ្ឋាន ក្នុងការឆ្លើយតប និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
៥. សូមអំពាវនាវដល់ស្ថាប័នតុលាការ មេត្តាពិនិត្យ និងប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ធ្វើជា មូលដ្ឋានក្នុងការសម្រេចសេចក្តី លើករណីអ្នកសារព័ត៌មាន រងបណ្តឹងដោយសារការបំពេញ វិជ្ជាជីវៈរបស់ខ្លួន។
៦. សូមស្នើសុំ ក្រសួងព័ត៌មាន មេត្តាពិនិត្យលើការបង្កើនរយៈពេលសុពលភាពអាជ្ញាប័ណ្ណព័ត៌មាន ដែលបច្ចុប្បន្នក្រសួងផ្តល់ជូនត្រឹម១ឆ្នាំម្តង ដោយសូមបង្កើនរយៈពេលនៃសុពលភាពអាជ្ញាប័ណ្ណ យ៉ាងហោច រយៈពេល៣ឆ្នាំទៅ៥ឆ្នាំ ឬរយៈពេលវែងជាងនេះ។ ក្រសួងមហាផ្ទៃបានផ្តល់រយៈពេល សុពលភាពនៃការចុះបញ្ជីសមាគមសាព័ត៌មានរហូតដល់១០ឆ្នាំម្តង ខណៈដែលក្រសួងពាណិជ្ជកម្ម បានផ្តល់ជូននូវការចុះបញ្ជីពាណិជ្ជកម្មនិងម៉ាកសញ្ញាពាណិជ្ជកម្ម ដោយគ្មានពេលវេលាកំណត់។
៧. នៅក្នុងឱកាសនេះដែរ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមលើកទឹកចិត្តដល់បងប្អូន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមយកចិត្តទុកដាក់បន្តអនុវត្តនូវពាក្យស្លោក របស់ សម្តេចតេជោ ហ៊ុន សែន «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ដែលជាមូលដ្ឋាននាំមក នូវសេចក្តីថ្លៃថ្នូរ ការគោរពសិទ្ធិមនុស្ស និងភាពសុខដុមរមនានៅក្នុងសង្គមជាតិយើង៕