ខេត្តបាត់ដំបង ៖ គម្រោងហិរញ្ញប្បទានធនាគារអភិវឌ្ឍអាស៊ី ADB នូវថវិកាជាង៥០លានដុល្លារ តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង២ទីតាំងនេះបាននិងកំពុងស្ថាបនា ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ និងចុងឆ្នាំ២០២៥ ខាងមុខនេះ
ដើម្បីធ្វើការរំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបងបានល្អប្រសើរនោះ រដ្ឋបាលខេត្តបាត់ដំបង ទទួលបានគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ចំនួន២កន្លែង។
លោក ហ៊ាន លីហុង ប្រធានគ្រប់គ្រងការដ្ឋានគម្រោងទឹកកខ្វក់ បានបញ្ជាក់ថា ៖ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង២ទីតាំងនេះ ទី១.នៅផ្នែកខាងកើតស្ទឹងសង្កែ ស្ថិតក្នុងស្រុកសង្កែ និងក្រុងបាត់ដំបង មានទំហំផ្ទៃដី១០ហិចតា មានតួនាទីប្រមូលយកទឹកកខ្វក់ពីលំនៅដ្ឋានប្រជាពលរដ្ឋនៅប៉ែកខាងកើតស្ទឹងសង្កែ បញ្ជូនទៅសម្អាតនៅស្ថានីយប្រព្រឹត្តិកម្មទី១នេះ ។
និងទី២.នៅផ្នែកខាងលិចស្ទឹងសង្កែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកឯកភ្នំ មានទំហំផ្ទៃដីជាង៩ហិចតា មានតួនាទីប្រមូលយកទឹកកខ្វក់ពីលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង បញ្ជូនទៅសម្អាតនៅស្ថានីយប្រព្រឹត្តិកម្មទី២នេះ ។
លោក ហ៊ាន លីហុង បានបញ្ជាក់ទៀតថា ៖ សម្រាប់ការងារអនុវត្តគម្រោងនៃប្រព័ន្ធប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់នេះដែរ មានជួបនឹងបញ្ហាមួយចំនួន នៅក្នុងក្រុងបាត់ដំបង ដោយសារតែបាត់ដំបង ជាទីក្រុងវ័យចំណាស់មួយមានបង្កប់នូវប្រព័ន្ធលូចាស់ជាច្រើននិងបញ្ហាជាច្រើនទៀត ត្រូវទាមទារឲ្យមានការចូលពីសំណាក់ប្រជាពលរដ្ឋ ដើម្បីការអនុវត្តគម្រោងនេះកាន់តែទទួលបានជោគជ័យ តាមការគ្រោងទុកនៃគម្រោងទាំង២ ។
សូមបញ្ជាក់ថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ អនុវត្តបានជាង៩០%ហើយ ត្រូវប្រើប្រាស់កញ្ចប់ថវិកាជិត២៥លានដុល្លារ និងអាចដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២៤ និងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ បាននិងកំពុងដំណើរការសាងសង់ទើបតែសម្រេចបានប្រហែល ៤៥% ប៉ុណ្ណោះ និងអាចរួចរាល់ឲ្យដំណើរការយ៉ាងយូរនៅក្នុងចុងឆ្នាំ២០២៥ ខាងមុខនេះ ត្រូវប្រើប្រាស់កញ្ចប់ថវិកាជាង២៦លានដុល្លារ ជាគម្រោងហិរញ្ញប្បទានធនាគារអភិវឌ្ឍអាស៊ី ADB ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយផ្ទាល់ពីក្រសួងសាធារណៈការ និងដឹកជញ្ជូន ។
សូមជម្រាបជូនថា ៖ បើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏លើកឡើងអំពី កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធទឹកកខ្វក់” ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់នេះកាន់តែមានវិសាលភាព ប្រកបដោយសង្គតិភាព។ ប្រជាពលរដ្ឋខេត្តបាត់ដំបង គាំទ្រសមិទ្ធផលថ្មីដែលអាជ្ញាធរ បានកសាងសម្រាប់រំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបង ដែលបម្រើឱ្យផលប្រយោជន៍រួម និងការពារដល់សុខភាពប្រជាពលរដ្ឋ ៕