ខេត្តរតនគិរី៖ រថយន្ដវ៉េអងមួយគ្រឿងដឹកផ្លែសំរ៉ងសង្ស័យគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនទើបត្រូវបានកម្លាំងអធិការទន្លេមេគង្គស្ទាក់ចាប់រួចប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ។
ការបង្ក្រាបរថយន្តវ៉េអងដឹកផ្លែសំរ៉ងនោះកម្លាំងអធិការទន្លេមេគង្គបានស្ទាក់ចាប់នៅវេលាម៉ោង៤ទៀបភ្លឺទី២៩ឈានចូលថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤នៅត្រង់ចំណុចហួសភ្នំយោលបន្ដិចក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
រថយន្តវ៉េអងដែលកម្លាំងជំនាញអធិការទន្លេមេគង្គបង្ក្រាបបាននោះមានក្បាលពណ៌សលាយឆ្នូតពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម3A-4858 ហើយរុឺម៉កខាងក្រោយពាក់ស្លាកលេខកំពងចាម4A-1215 បើកបរមានទិសដៅពីលិចទៅកើតចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅស្រុកអូរយ៉ាដាវតាមបណ្ដោយផ្លូវជាតិលេខ៧៨ក្នុងបំណងធ្វើអាជីវកម្មយកទៅលក់នៅប្រទេសវៀតណាម តែត្រូវកម្លាំងជំនាញស្ទាក់ជាប់។
ក្រោយស្ទាក់បង្ក្រាបបានកម្លាំងបានរឹបអូសយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅក្នុងបរិវេណនៃមន្ទីរកសិកម្មខេត្តរតនគិរី។
ប្រភពបានឱ្យដឹងថា មុនពេលបង្ក្រាបនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤គេឃើញមានរថយន្តវ៉េអងមួយគ្រឿងមានភិនភាគដូចខាងលើ បានដឹកផ្លែសំរ៉ងពេញរថយន្ដព្រៀបតែម្តង រួចបើកបរចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅស្រុកអូរយ៉ាដាវលើកំណាត់ផ្លូវជាតិលេខ៧៨អាហួសភ្នំយោលបន្ដិចក៏ត្រូវបានកម្លាំងអធិការទន្លេមេគង្គមួយក្រុមស្ទាក់ឃាត់ដើម្បីត្រួតពិនិត្យមើលលិខិតដឹកជញ្ជូនសំរ៉ងរួចក៏បង្ក្រាបរឹបអូសយកទៅបាត់ហើយ។
ក្រោយបង្ក្រាបកម្លាំងអធិការមេគង្គបានយករថយន្តវេ៉អងដឹកផ្លែសំរ៉ងនោះប្រគល់ឱ្យទៅខណ្ឌរដ្ឋព្រៃឈើខេត្តរតនគិរីជាអ្នកទទួលចាត់ការបន្ដ។
មន្ត្រីរដ្ឋបាលព្រៃឈើអធិការមេគង្គបានថ្លែងថា ដោយឃើញរថយន្តនេះដឹកអនុផលព្រៃឈើផ្លែសំរ៉ងគ្មានច្បាប់អនុញ្ញាតក៏បង្ក្រាបតែម្តង រួចរាយការណ៍ទៅថ្នាក់លើ ដើម្បីនាំរថយន្តដឹកបទល្មើសនេះមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។
លោកបន្តថា ដើម្បីរក្សាការសម្ងាត់ លោកមិនបានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ក្រោមនិងសមត្ថកិច្ចពាក់ព័ន្ធនោះទេ។
ក្នុងប្រតិបត្តិការនេះដែរក៏មានការអន្តរាគមន៍ពីអ្នកធំមួយចំនួននៅខេត្តរតនគិរី សុំឱ្យដោះលែងរថយន្តនោះឱ្យចេញទៅប្រទេសវៀតណាម។
ក្រៅពីរថយន្តយីឌុបដឹកផ្លែសំរ៉ងខាងលើនេះដែរ ក៏មានក្បួនរថយន្តសាំយ៉ុងជាច្រើនគ្រឿងសម្រុកដឹកផ្លែសំរ៉ងទៅវៀតណាមដែរ។
លោកលី សុផាន នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី អ្នកយកព័ត៌មានយើងបានទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកលើកទទួលឡើយ។
លោក ហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីទទួលទូរស័ព្ទហើយសួរថាខាងណា ក្រោយមកមិនឆ្លើយមិននិយាយអ្វីទាំងអស់ ទទួលទូរស័ព្ទទុកចោល។
ដោយឡែកលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរីទូរស័ព្ទចូលមិនលើក។ ប៉ុន្តែកន្លងមកលោកធ្លាប់បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការប្រមូលទិញផលអនុផលផ្លែសំរ៉ងក្នុងស្រុកជាលក្ខណ:គ្រួសារមិនខុសច្បាប់ទេ។
តែបើមានឈ្មួញប្រមូលទិញរួចដឹកជញ្ជូនផ្លែសំរ៉ងរាប់សិបតោនឆ្លងដែនលក់ធ្វើអាជីវកម្មគឺពុំមានច្បាប់អនុញ្ញាតឡើយ។ ប៉ុន្ដែលោកប្រធានមន្ទីរកសិកម្មមិនបានបញ្ជាក់ពីវិធានការច្បាប់ណាមួយទេថាតើត្រូវដាក់ទោសទណ្ឌយ៉ាងណាទៅលើមេឈ្មួញដែលដឹកផ្លែសំរ៉ងរាប់សិបតោនខុសច្បាប់នោះឡើយ។
គួរកត់សម្គាល់ផងដែរថា នៅក្នុងក្រុងបានលុងខេត្តរតនគិរីនេះក៏មានឃ្លាំងធំៗចំនួន៣ទីតាំងផងដែរដែលកំពុងធ្វើអាជីវកម្មប្រមូលទិញផ្លែសំរ៉ងទំនងមិនមានច្បាប់អនុញ្ញាតនោះទេ។
ទីតាំងទី១ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបាសៀក ក្រុងបានលុង។
ទី២.ស្ថិតនៅភូមិជ្រី សង្កាត់ឡាបានសៀក ក្រុងបានលុង។
ទី៣.ស្ថិតនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ទីតាំងធំៗខាងលើគឺជាឃ្លាំងដែលជនជាតិវៀតណាមជួលដើម្បីបោះទីតាំងសម្រាប់ប្រមូលទិញផ្លែសំរ៉ងពីប្រជាពលរដ្ឋដែលចូលព្រៃទៅរើសនិងខ្លះទៀតបានកាប់រំលំទាំងដើមតែម្តង ភាគច្រើនសំបូរមាននៅដំបន់ព្រៃភ្នុំក្នុងស្រុកវើនសៃ ស្រុកតាវែងនិងស្រុអណ្តូងមាស តំបន់កន្ទុយនាគលែលមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរដែលប្រចាំការចាំទារលុយពីក្រុមប្រជាពលរដ្ឋដែលចូលព្រៃរកផ្លែសំរ៉ង។
សូមបញ្ជាក់ថា ក្នុងអំឡុងពីខែកុម្ភៈឆ្នាំ២០២៤មន្ត្រីកងរាជអាវុធហត្ថក្រុងបានលុងចាប់បានរថយន្តកូរ៉េមួយគ្រឿងដឹកឈើប្រណីតគល់បេងគល់ធ្នង់ រួចប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការតាមច្បាប់ដែរ តែក្រោយមករថយន្តនោះក៏បានចេញទៅបាត់សូន្យឈឹងតែម្ដង។
ពេលនេះអធិការទន្លេមេគង្គបានប្រគល់រថយន្ដវ៉េអងដឹកផ្លែសំរ៉ងខុសច្បាប់មួយគ្រឿងទៀតឱ្យទៅខាងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបន្តចាត់ការតាមផ្លូវច្បាប់ដែរទំនងវាសនារថយន្តវេ៉អងដឹកផ្លែសំរ៉ងនេះក៏មិនខុសគ្នាដែរឬយ៉ាងណានោះទេ?៕ នគរវត្ត