ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានឱ្យដឹងថា ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។
អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food បានឲ្យដឹងថា ៖ ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការ នូវប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនោះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ ឬ២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមជម្រាបថា Home Taste Food គឺជាសហគ្រាសរបស់ខ្មែរដំបូងគេ ដែលបាននាំចេញផលិតផលត្រីកែច្នៃ ទៅកាន់ទីផ្សារបរទេសជាផ្លូវការ។ ដើម្បីអាចនាំចេញបាន សហគ្រាស Home Taste Food ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិ និងអន្តរជាតិ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីត្រេកអរចំពោះការបោះជំហានដោយជោគជ័យរបស់សហគ្រាស Home Taste Food និយាយដោយឡែក និងវត្តមានផលិតផលត្រីកែច្នៃរបស់ខ្មែរ នៅលើទីផ្សារអន្ដរជាតិ និយាយជារួម ហើយក្រសួងនឹងបន្តគាំទ្រដល់សហគ្រាស Home Taste Food ដែលមានបំណងពង្រីកការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសញូហ្សែលែន នៅក្នុងបរិមាណជាង ១០០តោនទៀត នាពេលខាងមុខ។
ទន្ទឹមគ្នានេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការជាមួយសហគ្រាសកែច្នៃផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាថាប្រតិបត្តិករជលផល បានអនុវត្តការត្រួតពិនិត្យគុណភាណ និងអនាម័យ ដើម្បីឱ្យផលិតផលជលផលមានស្តង់ដារ សុវត្ថិភាព អនុលោមតាមបទបញ្ញាត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ៕