មនុស្ស ១០ នាក់បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាសអំឡុងពេលសមយុទ្ធព្យុហយាត្រាដោយកងនាវាចរម៉ាឡេស៊ី។យោងតាមសារព័ត៌មាន Straitstimes ឧបទ្ទវហេតុនេះបានកើតឡើងនៅកីឡដ្ឋាន TLDM នៅមូលដ្ឋានទ័ពជើងទឹក Lumut ក្នុងរដ្ឋ Perak នៅវេលាម៉ោង ៩ និង៣២នាទីព្រឹក ថ្ងៃទី២៣ ខែមេសា។ មនុស្ស១០នាក់ដែលបានស្លាប់សុទ្ធតែជាសមាជិកនាវិកជិះឧទ្ធម្ភាគចក្រពីរគ្រឿង។
កងទ័ពជើងទឹកម៉ាឡេស៊ីបាននិយាយថា៖ «ជនរងគ្រោះត្រូវបានគេបញ្ជាក់ថាស្លាប់នៅកន្លែងកើតហេតុហើយបានបញ្ជូនទៅមន្ទីរពេទ្យមូលដ្ឋានយោធា Lumut ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះទាំងអស់មានអាយុក្រោម៤០ឆ្នាំ។
វីដេអូនៃការធ្លាក់យន្តហោះនេះ បង្ហាញពីឧទ្ធម្ភាគចក្រមួយបានបុកជាមួយ rotor blades មុនពេលទាំងពីរធ្លាក់ដល់ដី។
ឧទ្ធម្ភាគចក្រពីរគ្រឿងដែលធ្លាក់នោះមាន Fennec M502-6 និង HOM M503-3 ។ ឧទ្ធម្ភាគចក្រ Fennec ដំណើរការដោយនាវិកបីនាក់ ខណៈឧទ្ធម្ភាគចក្រ HOM ផ្ទុកមនុស្សសរុប 7 នាក់ ។ ឧទ្ធម្ភាគចក្រ HOM បានធ្លាក់ពីលើជណ្តើរកីឡដ្ឋាន ខណៈដែលឧទ្ធម្ភាគចក្រ Fennec បានធ្លាក់ចូលទៅក្នុងអាងហែលទឹកក្នុងបរិវេណកីឡា។
ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលហាត់សមសម្រាប់ក្បួនដង្ហែរខួបលើកទី ៩០ នៃទិវាកងទ័ពជើងទឹក ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍។ អាជ្ញាធរម៉ាឡេស៊ីបានប្រកាសថានឹងបង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយដើម្បីពិនិត្យរកមូលហេតុនៃឧបទ្ទវហេតុនេះ៕