សារព័ត៌មាន AFP បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ ជន់លិចផ្លូវ ផ្ទះ និងផ្សារទំនើបជាច្រើន ព្រមទាំងបង្ខំអាកាសយានដ្ឋានទីក្រុងឌូបៃ ត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនមួយរយៈពេល ខ្លី ខណៈព្យុះភ្លៀងដ៏កម្រមួយបានវាយប្រហារលើផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបន្សល់ទុកមនុស្ស១៨នាក់ស្លាប់ក្នុងប្រទេសអូម៉ង់។
ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវបានជន់លិចដោយសារព្យុះភ្លៀង ដែលបង្កជាគ្រោះទឹកជំនន់ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន កាលពីថ្ងៃអង្គារ ទី១៦ ខែមេសា។ ទឹកជំនន់បានជន់លិចផ្សារទំនើប Dubai Mall និង Mall of the Emirates រួមទាំងជន់លិចរថភ្លើងក្រោមដី Dubai Metro។ ចំណែក ផ្លូវ និងផ្ទះជាច្រើនខ្នងក៏ត្រូវបានទឹកជន់លិច ផងដែរ ដោយសារតែព្យុះភ្លៀងដ៏កម្រមួយនេះ។
ប្រឈមមុខនឹងគ្រោះទឹកជំនន់នេះ អាជ្ញាធរក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបិទសាលារៀនជាបណ្ដោះអាសន្ននៅទូទាំងប្រទេស ហើយអាចនឹងបន្តបិទទ្វារនៅថ្ងៃពុធសប្ដាហ៍នេះ ខណៈមានការព្យាករថាព្យុះភ្លៀងអាចនឹងកើតមានជាថ្មី។
គួរបញ្ជាក់ថា នៅក្នុងប្រទេសអូម៉ង់ អាជ្ញាធរបានរកឃើញសាកសពក្មេងប្រុសម្នាក់កាលពីថ្ងៃអង្គារ ទី១៦ ខែមេសា ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ កើនដល់១៨នាក់ និង២នាក់បាត់ខ្លួន៕ ដោយ៖ ធីរីណា