សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ ២០២៤ បានផ្សាយថា.ក្បួនត្រាក់ទ័ររបស់កសិករ ត្រូវបានចតនៅខាងក្រៅសភារបស់ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) និងអ្វីដែលពួកគេនិយាយថាមានការនាំចូលអាហារគ្មានស្តង់ដារ។
យ៉ាងហោចណាស់ត្រាក់ទ័រ ៥០គ្រឿង មនុស្សជាច្រើនដែលកាន់ទង់ Union Jack និងស្លាកសញ្ញាសរសេរថា «គ្មានកសិករ គ្មានអាហារ គ្មានអនាគត» បានចូលរួមក្នុងការតវ៉ានៅខាងក្រៅសភាអង់គ្លេស។ ក្រុមកសិករទាមទារឱ្យរដ្ឋាភិបាលពង្រឹងការដាក់ស្លាកសញ្ញាលើម្ហូបអាហារឱ្យបានត្រឹមត្រូវជាងមុន ហើយចាត់វិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀងរបស់ប្រទេស។ ពួកគេក៏ចង់ឱ្យរដ្ឋាភិបាលបញ្ចប់កិច្ចព្រមព្រៀងអនុញ្ញាតឱ្យនាំចូលអាហារស្តង់ដារផងដែរ ដែលវាផ្ទុយពីច្បាប់របស់ចក្រភពអង់គ្លេស និងធ្វើឱ្យកាត់បន្ថយផលិតផលរបស់កសិករក្នុងស្រុក។
ការប្រមូលផ្តុំគ្នានេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីកសិករនៅទូទាំងតំបន់អឺរ៉ុប ដែលភាគច្រើនខឹងសម្បាចំពោះការប្រកួតប្រជែងពីការនាំចូលក្នុងតម្លៃថោក និងការចង់បានបទប្បញ្ញត្តិបរិស្ថានដ៏ម៉ឺងម៉ាត់មួយ៕