សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា បាននិយាយថា លោកនឹងពិចារណាធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជាដំណើរនៅក្រៅប្រទេសលើកដំបូងបំផុតអំឡុងអាណត្តិប្រធានាធិបតីថ្មីរបស់លោកដែលទើបតែទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីសប្ដាហ៍មុន។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពផ្ដាច់មុខដែលខ្លួនទទួលបាន បានឱ្យដឹងថា លោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅខែឧសភាខាងមុខ ដើម្បីជួបពិភាក្សាជាមួយសមភាគីចិនលោក ស៊ី ជីនពីង។ ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅក្នុងជំនួបជាមួយសមាជិកសភារុស្ស៉ីមួយក្រុម កាលពីថ្ងៃអង្គារដដែលនោះដែរ មេដឹកនាំគណបក្សកុម្មុយនិស្ដ លោក Gennady Zyuganov បានស្នើឱ្យលោក ពូទីន ជ្រើសរើសទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ច។
លោក Zyuganov បានគូសបញ្ជាក់តាមរយៈការដកស្រង់សម្ដីដោយ TASS ដូច្នេះថា «ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចដំបូងបំផុតរបស់អ្នក (លោក ពូទីន) គឺទៅ ភាគខាងកើត (ចិន) មិនមែនភាគខាងលិចនោះទេ។ សមមិត្ត (លោកប្រធានធិបតីចិន) ស៊ី ជីនពីង កំពុងទន្ទឹងរង់ចាំរូបលោកធ្វើទស្សនកិច្ច ហើយគាត់ពិតជាស្រឡាញ់ប្រទេសរបស់យើងខ្លាំងណាស់»។
ជាការឆ្លើយតបទៅនឹងការស្នើសុំនោះដែរ លោក ពូទីន បានសន្យាថានឹងពិចារណាពីការធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ «ជាការណ៍ពិតណាស់ ខ្ញុំមិនមែនលេងសើចទេ ហើយខ្ញុំនឹងយកអ្វីដែលអ្នកបាននិយាយទៅពិចារណា»។ នេះជាការលើកឡើងរបស់លោកពូទីន។
ខណៈលោកខាងលិចរិះគន់ជ័យជម្នះរបស់លោក ពូទីន ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីកាលពីសប្ដាហ៍មុន ចិននិងកូរ៉េខាងជើងបានចេញមុខភ្លាមៗផ្ញើសារអបអរសាទរដល់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់ប្រមុខវិមានក្រឹមឡាំងរូបនេះដែលនឹងបន្តកាន់អំណាច ៦ឆ្នាំបន្ថែមទៀត៕