ខេត្តបាត់ដំបង៖ ថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ ដែលត្រូវបញ្ជូនទៅសាលាដំបូងនៅថ្ងៃស្អែក។ ពួកគេសង្ស័យករណីលួចគោអ្នកស្រុក នៅខេត្តបាត់ដំបង។
នគរបាលខេត្តបាត់ដំបងឲ្យដឹងថា កាលពីថ្ងៃទី ១៥ខែ មីនា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង៣០នាទីយប់នៅភូមិពាមឯកឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបាន ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌរួមជាមួយ កម្លាំងផ្នែកចរាចរណ៍និងក្រុមអន្តរាគមន៍បាននាំខ្លួនជន សង្ស័យ២នាក់យកមកសាកសួរគឺឈ្មោះ វណ្ណី ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងឈ្មោះ ភាព វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទាក់ទងក្នុងករណីលួចទ្រព្យសម្បត្តិអ្នកដទៃ(លួចសត្វគោ) របស់ជនរងគ្រោះឈ្មោះ មៀន យ៉ុន ភេទប្រុស អាយុ៦៦ ឆ្នាំមានទីលំនៅក្រុមទី៣ ភូមិរហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០០និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១០ខែខែកុម្ភៈឆ្នាំ២០២៤នៅចំណុចក្រុមទី៣ ភូមិរហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យនៅថ្ងៃដដែល វេលាម៉ោ ង១៥និង០០នាទី នៅចំណុចភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះបឿន ប៉ុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
-វត្ថុតាងដកហូតរួមមាន៖ រថយន្តចំនួន១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (Hyundai)ពណ៌ស ឆ្នាំផលិត ២០០៤ ពាក់ស្លាកលេខ 3A- 3660 លេខតួKMFG A17A P4C 001102 លេខម៉ាស៊ីន D4DA 4472122,ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន១កូនថង់សង្ស័យមានសារធាតុញៀន,សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន,ទូរស័ព្ទដៃចំនួន២គ្រឿងនិងសត្វគោចំនួន០៧ក្បាល។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព លួចសត្វគោរបស់ជន រងគ្រោះពិតប្រាកដមែន ហើយកន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពលួចសត្វគោជាច្រើនលើកនៅតាមបណ្តាស្រុកផ្សេងៗក្នុងភូមិសាស្រ្តខេត្ត បាត់ដំបង ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕