ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការរៀបចំផែនទីតំបន់ងាយរងគ្រោះដោយទឹកជំនន់នៅប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានទទួលស្តាប់បទបង្ហាញរួចមកលោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារឱ្យស្រង់ទិន្នន័យចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣ ដើម្បីយកមកសិក្សាឈ្វេង យល់ និងប្រៀបធៀបឱ្យបានច្បាស់លាស់ពីស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ។ បើតាមលោករដ្ឋមន្ដ្រី លទ្ធផលនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ ដើម្បីអនុញ្ញាតឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ឆ្លើយតបនឹងបញ្ហាប្រឈមបានកាន់តែប្រសើរ និងទាន់ពេលវេលា ព្រម ទាំងកាត់បន្ថយហានិភ័យផលិតកម្ម។
ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី បានណែនាំបន្ថែមដល់ក្រុមការងារ ត្រូវសិក្សាបន្ថែមពីមុខងារផ្កាយរណប (Satellite) នៃកម្មវិធី MAPscape ឱ្យបានច្បាស់ លាស់ ដើម្បីប្រើប្រាស់ក្នុងការងារវាយតម្លៃតំបន់រងហានិភ័យទឹកជំនន់នេះឱ្យមានប្រសិទ្ធភាពខ្ពស់៕