រឿងល្អកើតឡើងផ្ទួនៗគ្នា សម្រាប់គ្រួសារត្រកូលស៊ីណាវ៉ាត្រា។ នៅពេលនេះតុលាការកំពូលថៃនៅថ្ងៃទី៤ ខែមីនា បានទម្លាក់ការចោទប្រកាន់ក្នុងសំណុំរឿងប្រឆាំងអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីឆ្នាំ ២០១៣ ខណៈដែលលោកស្រីនៅកាន់អំណាចនៅឡើយ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោកស្រី យីងឡាក់ បានរស់នៅក្រៅប្រទេសអស់រយៈពេលប្រាំមួយឆ្នាំមកហើយ ដើម្បីជៀសវាងការជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានកាត់ទោសពីបទបង្ខូចកាតព្វកិច្ចក្នុងសំណុំរឿងប្រឆាំងនឹងលោកស្រី បន្ទាប់ពីរដ្ឋាភិបាលលោកស្រីត្រូវបានផ្ដួលរំលំក្នុងរដ្ឋប្រហារយោធាឆ្នាំ 2014។
សេចក្តីសម្រេចថ្ងៃទី 4 ខែមីនា មានអាយុកាលតាំងពីឆ្នាំ 2022 នៅពេលដែលគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ ប្តឹងលោកស្រី យីងឡាក់ និងមនុស្សបួននាក់ផ្សេងទៀត ដោយចោទប្រកាន់ពួកគេពីបទបង្កការខូចខាតដល់ប្រទេសដោយមិនអនុវត្តតាមនីតិវិធី គិតជាទឹកប្រាក់ជិត ៧ លានដុល្លារ) ។
លោកមេធាវី Noppadon Laothong បានប្រាប់រ៉យទ័រថា តុលាការកំពូលថៃនៅថ្ងៃនេះ (ថ្ងៃទី៤ ខែមីនា) បានច្រានចោលសំណុំរឿងលោកស្រី យីងឡាក់ និងអ្នកផ្សេងទៀត ដោយលើកហេតុផលថា ពួកគេបំពេញភារកិច្ចរបស់ខ្លួនតាមច្បាប់ និងមិនបានស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។
បន្ថែមពីលើឧប្បត្តិហេតុខាងលើ អតីតនាយករដ្ឋមន្ត្រីស្ត្រីទីមួយរបស់ប្រទេសថៃ ក៏ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពាក់ព័ន្ធនឹងកម្មវិធីស្រូវរបស់រដ្ឋាភិបាល ដែលត្រូវបានគេនិយាយថា បានបង្កការខូចខាតរាប់ពាន់លានដុល្លារ។
កម្មវិធីឧបត្ថម្ភធនតម្លៃស្រូវរបស់រដ្ឋបាលរបស់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ បានទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារ ៥០%។ គោលនយោបាយនេះត្រូវបានគាំទ្រដោយកសិករ ប៉ុន្តែអ្នករិះគន់នៅពេលនោះបាននិយាយថា គោលនយោបាយនេះធ្វើឱ្យរដ្ឋខាតបង់ប្រហែល 7-8 ពាន់លានដុល្លារ។
លោកស្រី យីងឡាក់ បាននិយាយថា លោកស្រីទទួលខុសត្រូវចំពោះគោលនយោបាយប៉ុណ្ណោះ មិនមែនការគ្រប់គ្រងកម្មវិធីប្រចាំថ្ងៃនោះទេ។ អតីតនាយករដ្ឋមន្ត្រីថៃក៏បានបដិសេធការធ្វេសប្រហែសនៃការទទួលខុសត្រូវក្នុងកម្មវិធីអង្ករដែរ។
ទន្ទឹមនឹងនេះ បងប្រុសរបស់លោកស្រី យីងឡាក់ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងកាលពីពេលថ្មីៗនេះ។ លោកថាក់ស៊ីនបានត្រឡប់មកប្រទេសថៃវិញកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីបានស្នាក់នៅក្រៅប្រទេសអស់រយៈពេល 15 ឆ្នាំ ដើម្បីចៀសវាងការចោទប្រកាន់ពីបទរំលោភអំណាច និងអំពើពុករលួយ៕ ដោយ៖ ធីរីណា