ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាសហប្រធាន ជាមួយលោកឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International រួមគ្នារៀបចំកិច្ចពិភាក្សាដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅឯទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ។ កិច្ចប្រជុំនេះមានការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លោកស្រី តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិក សមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា វិនិយោគិនជាតិ-អន្តរជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
ផ្អែកលើគោលបំណងរួមរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គជំនួបនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើទស្សនវិស័យរួម និងគោលដៅជាយុទ្ធសាស្ត្រនានា ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យបានកាន់តែប្រសើរថែមមួយកម្រិតទៀត។
លោកឧបនាយករដ្ឋមន្រ្តី តាមរយៈឱកាសនេះ បានលើកឡើងនូវគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ត្រួសត្រាយកិច្ចសហប្រតិបត្តិការថ្មីៗ និងពង្រីកឱ្យបានកាន់តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ គោលដៅជាយុទ្ធសាស្ត្រមួយចំនួនដែល លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងនូវគំនិតផ្ដួចផ្ដើមផ្សេងៗដូចជា ការបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្មឱ្យរលូន រួមមានបង្កភាពងាយស្រួលលើនីតិវិធីគយ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបទប្បញ្ញត្តិរដ្ឋបាលជាដើម, លើកកម្ពស់តម្រូវការទីផ្សារ តាមរយៈការពង្រីក និងបញ្ជ្រៀតទីផ្សារសម្រាប់ផលិតផលកម្ពុជា(Made in Cambodia) ឬការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ឬការពង្រឹងពាណិជ្ជកម្មដែលមានស្រាប់, បន្ថែមពីនោះ សហរដ្ឋអាមេរិកក៏អាចគាំទ្រការវិនិយោគរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជាជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយការវិនិយោគជាដើម។
លើកឡើងនៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ បានជម្រាបអំពីការសង្កេតឃើញនូវភាពរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបានចាប់អារម្មណ៍នូវការដាក់ចេញរបស់រាជរដ្ឋាភិបាលទិសដៅឆ្នាំ២០៣០ ក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងទិសដៅប្រែក្លាយកម្ពុជាពីប្រទេសប្រើប្រាស់កម្លាំងពលកម្មទៅជាប្រទេសប្រើប្រាស់ជំនាញបច្ចេកទេស និងផែនការរៀបចំឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់បច្ចេកវិទ្យាទំនើបជាដើម។ បន្ថែមពីនេះដែរ លោកឧត្តមសេនីយ៍ បានលើកឡើងពីការត្រៀមខ្លួនរួចជាស្រេចដើម្បីជួយជំរុញឱ្យមានការកើនឡើងនូវពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ ជឿជាក់ថាតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ នឹងជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែល្អកើនឡើងមួយកម្រិតទៀត។
សូមជម្រាបថា លោកឧត្តមសេនីយ៍ Jim Jones បច្ចុប្បន្នគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International និងកំពុងដឹកនាំក្រុមជំនាញការប្រឹក្សាយោបល់លើគោលនយោបាយការបរទេស ផែនការយុទ្ធសាស្រ្ត សន្តិសុខជាតិ និងយុទ្ធសាស្រ្តយោធាផងដែរ។ លោកឧត្តមសេនីយ៍ គឺជាអតីតនាយទាហានកងព័ទជើងទឹក នៃសហរដ្ឋអាម៉េរិក ដែលមានបទពិសោធន៍ជាង ៤ទសវត្សរ៍ក្នុងការងារពាក់ព័ន្ធនឹងប្រតិបត្តិការយោធា សន្តិសុខវិស័យថាមពល ការការពារជាតិ ក៏ដូចជាភាពជាអ្នកដឹកនាំកម្រិតពិភពលោក។ ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ លោកឧត្តមសេនីយ ធ្លាប់ដឹកនាំបម្រើការជាមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិក(Marine Corps), ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ ជាមេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុបនៅអង្គការ NATO, ដដែលចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ ក៏ជាមេបញ្ជាការនៃបញ្ជាការដ្ឋានកិច្ចការអឺរ៉ុប និងអាហ្វ្រិករបស់សហរដ្ឋអាមេរិក(US European and African Command) នៅប្រទេសអាឡឺម៉ង់, ចាប់ពី២០០៧ ដល់ឆ្នាំ២០០៨ ជាប្រេសិតពិសេសនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខតំបន់មជ្ឈិមបូព៌ា, និងឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ ជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក៕