ភ្នំពេញ ៖ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្រពកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ពេទ្យបានធ្វើការងាររបស់ទេវតា ពោលគឺការជួយសង្គ្រោះជីវិតមនុស្ស។ ក្នុងន័យនេះសម្តេច លើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ ឱ្យបន្តប្រឹងប្រែងធ្វើការងារទេវតា ជួយអាយុជីវិតមនុស្សតទៅមុខទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ គ្មានអ្វីដែលសប្បាយរីករាយជាង ឃើញមនុស្សយើងបង្រៀនទទួលបានជោគជ័យ មនុស្សដែលយើងព្យាបាល បានជាសះស្បើយជួបជុំគ្រួសារនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បណ្តាលោកគ្រូ អ្នកគ្រូពេទ្យ គណៈគ្រប់គ្រងពេទ្យ បុគ្គលិកពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារទេវតាឱ្យបានល្អ ដើម្បីទទួលបានការពេញចិត្ត ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំតែងតែនិយាយថាលោកគ្រូអ្នកគ្រូពេទ្យ ជាអ្នកធ្វើការងារមួយចំនួនរបស់ទេវតា ហេតុអី? បើអ្នកទៅបន់ស្រន់ភាគច្រើន ខ្ញុំឃើញតែពីរទេធំៗ គឺទី១ បន់ឱ្យសុខភាពល្អ អាយុយឺនយូរ បន់ឱ្យម្តាយឪពុកដែលឈឺឱ្យជា ទី២ សុំឱ្យរកស៉ីមានបាន អីចឹងទេវតាអាចផ្តល់បាន ប៉ុន្តែវិធីសាស្ត្រធ្វើជាក់ស្តែងមានតែលោកគ្រូអ្នកគ្រូពេទ្យ … ពេទ្យមិនមែនទេវតា តែធ្វើការងាររបស់ទេទេវតា អីចឹងការភារកិច្ច និងការខិតខំរបស់លោកគ្រូអ្នកគ្រូ ដែលចាត់ទុកថាជាសេនាឱ្យទេវតា ធ្វើការងារទេវតា នេះជាការចាប់អារម្មណ៍របស់ខ្ញុំ។ អីចឹងសុខភាព ទៅរកគ្រូពេទ្យ សមត្ថភាព ចំណេះដឹង ដើម្បីជោគជ័យ ក្នុងការងារ គឺរកគ្រូបង្រៀន»។
សម្តេចសង្កត់ធ្ងន់ថា ៖ «លោកគ្រូអ្នកគ្រូទាំងអស់ទូទាំងប្រទេស ខ្ញុំសូមលើកទឹកចិត្តដែលទទួលជ័យលាភី ឬមិនជ័យលាភី សូមលោកគ្រូអ្នកគ្រូបន្តកិច្ចការទេវតានេះ ដើម្បីជួយប្រទេសជាតិ និងប្រជាជនយើង» ៕