ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះអញ្ជើញជាអធិបតីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការផ្តល់ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។
គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ឱ្យអនុវត្តតាមរយៈអនុក្រឹត្យលេខ៥៤ អនក្រ.បក. ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
ឈរលើមូលដ្ឋានសុខសន្តិភាព និងស្ថិរភាពដ៏រឹងមាំរបស់កម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ គតិបណ្ឌិតដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
រាជរដ្ឋាភិបាលបានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួលខុសត្រូវ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមជាអាទិភាព ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រីនិងស្ថាប័ន ការលើកកម្ពស់គុណភាពអប់រំនិងសេវាសុខាភិបាលនៅមូលដ្ឋាន។
ក្នុងក្របខណ្ឌនៃការលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋាន រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ មធ្យមសិក្សា តាមរយៈការដាក់ចេញឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែង រួមមាន ការពង្រឹងអភិបាលកិច្ចសាលា ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទរបស់សិស្ស ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារនិងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូ រដ្ឋនិងសហគមន៍ដើម្បីការអប់រំ។
ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការដាក់ចេញឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែង រួមមាន ការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងឯកជន។
ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំងតាមរយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឆ្នាំ២០១៨។
ការប្រឡងប្រណាំងរបស់អង្គភាពផ្តល់សេវាសេវាសាធារណៈនៅមូលដ្ឋាន នឹងត្រូវអនុវត្តបន្តសម្រាប់សាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១(CPA1) មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២(CPA2) និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣(CPA3)។
- ការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ
ដើម្បីធានាសុក្រឹតភាព និងការចូលរួមពីគ្រប់ថ្នាក់ ការវាយតម្លៃនិងការទទួស្គាល់អង្គភាពផ្តល់ សេវាសា ធារណៈគំរូ ត្រូវបានរៀបចំជា៣កម្រិត មុននឹងស្នើសុំការទទួលស្គាល់ពីរាជរដ្ឋាភិបាលជាអង្គភាពគំរូ ដែល រួមមានការវាយតម្លៃដោយគណៈកម្មការវាយតម្លៃថ្នាក់ក្រុង/ស្រុក/ខណ្ឌ គណៈកម្មការវាយតម្លៃថ្នាក់ រាជ ធានី/ ខេត្ត និងគណៈកម្មការវាយតម្លៃថ្នាក់ជាតិ ហៅកាត់ថា គ.វ.ជ.។
ការវាយតម្លៃនៅថ្នាក់ជាតិមានការបែងចែកជា ៣ដំណាក់កាលរួមមាន៖ (១) ដំណាក់កាលបឋម (២)ដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី និង (៣) ដំណាក់ពិនិត្យវាយតម្លៃសម្រេចចុងក្រោយ។
គ.វ.ជ. មានសមាសភាពដូចជា ក្រសួងមុខងារសាធារណៈ ជាប្រធាន ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
ការវាយតម្លៃរបស់គណៈកម្មការទាំងបីកម្រិត ផ្អែកលើលក្ខណៈវិនិច្ឆ័យគោលចំនួន៨ រួមមាន៖ (១) ស្តង់ដារសេវាសាធារណៈ (២) ស្តង់ដាឬនិយាមនៃការផ្តល់សេវាតាមវិស័យរបស់អប់រំ ឬសុខាភិបាលផ្អែកលើករណីពាក់ព័ន្ធ (៣) ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព (៤)ការគ្រប់គ្រងនិង ការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព (៥) ការរៀបចំនិងការកែលម្អបរិស្ថានអង្គភាព (៦) ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ (៧) ការដោះស្រាយបញ្ហាប្រឈមនានាជាមួយមន្រ្តី ប្រជាពលរដ្ឋ ឬសហគមន៍ (៨) ការផ្តួចផ្តើមគំនិតថ្មីៗនិងនវានុវត្តន៍ដើម្បីធ្វើឱ្យអង្គភាពដំណើរការកាន់តែប្រសើរ។
គណៈកម្មការវាយតម្លៃថ្នាក់ជាតិ បានកំណត់លក្ខណៈវិនិច្ឆ័យរង និងលក្ខណៈវិនិច្ឆ័យលម្អិតសម្រាប់ការ វិនិច្ឆ័យលើលក្ខណៈវិនិច្ឆ័យគោលនីមួយៗ ហើយក៏អាចប្រើប្រាស់ជាផែនទីតម្រង់ទិសក្នុងការកែលម្អការគ្រប់គ្រងនិងការផ្តល់សេវារបស់សាលារៀននិងមន្ទីរពេទ្យឱ្យកាន់តែប្រសើរផងដែរ។
បន្ទាប់ពីការដាក់ឱ្យអនុវត្តការងារនេះនៅឆ្នាំ២០១៨ គ.វ.ជ. បានសម្រេចកំណត់យកវិទ្យាល័យ និងមន្ទីរពេទ្យបង្អែក (កម្រិត១ដល់កម្រិត៣) ជាគោលដៅផ្តើមនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាព
ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។ ផ្អែកលើលទ្ធផលនៃការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងឆ្នាំ២០១៩ អង្គភាពដែលលើកពានទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ សម្រាប់វិស័យអប់រំ គឺវិទ្យាល័យពេជ្រចិន្តា ស្ថិតនៅខេត្តបាត់ដំបង និងអង្គភាពដែលដែលលើកពានទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ សម្រាប់វិស័យសុខាភិបាល គឺមានមន្ទីរពេទ្យបង្អែកបាកាន នៃខេត្តពោធិ៍សាត់ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែលផ្តល់សេវាសំណុំ សកម្មភាពបង្គ្រប់កម្រិត៣។
ក្រោយមកគ.វ.ជ. បានសម្រេចបន្តដាក់អនុវត្តការវាយតម្លៃនៅកម្រិតអនុវិទ្យាល័យ និងសាលាបឋមសិក្សាសម្រាប់វិស័យអប់រំ និងកម្រិតមណ្ឌលសុខភាពសម្រាប់វិស័យសុខាភិបាល ប៉ុន្តែការដាក់ឱ្យអនុវត្តផ្លូវការតាមរយៈប្រកាសអន្តរក្រសួងត្រូវបានពន្យាពេលរហូតដល់ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងស្មារតីបន្តនិរន្តភាពការងារ ក្រសួងមុខងារសាធារណៈ និងគវជ បានជំរុញការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អ.ផ.សគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល (ឆ្នាំ២០២២ និង២០២៣) ដែលមានបេក្ខភាពសរុប ក្នុងវិស័យអប់រំកម្រិតអនុវិទ្យាល័យចំនួន៤២ មកពី២២ រាជធានីខេត្ត កម្រិតសាលាបឋមសិក្សាចំនួន៤៦ មកពី២៤ រាជធានី ខេត្ត និងក្នុងវិស័យសុខាភិបាល មានបេក្ខភាពមណ្ឌលសុខភាពចំនួន៤៣ មកពី២២ រាជធានីខេត្ត។
ក្រោយពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុង គ.វ.ជ. បានសម្រេចចាប់ផ្តើមបន្តដំណើរការ វាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់កម្រិតអនុវិទ្យាល័យ សាលាបឋមសិក្សា និង មណ្ឌលសុខភាព និងឈានមកដល់ការប្រកាសលទ្ធផលជាផ្លូវការ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕