សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា អ៉ីរ៉ង់បានផ្គត់ផ្គង់ឱ្យរុស្ស៉ីនូវមីស៊ីលបាលិស្ទីគក្នុងចំនួនដ៏ច្រើន ស្របពេលប្រទេសទាំង២ដែលសុទ្ធសឹងតែជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើប្រភពពីមន្ត្រីអ៉ីរ៉ង់៣នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា អ៉ីរ៉ង់បានផ្គត់ផ្គង់រុស្ស៉ីនូវមីស៊ីលចំនួន ៤០០គ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគ Zolfaghar ហើយដែលមីស៊ីលប្រភេទត្រូវបានអ្នកជំនាញបញ្ជាក់ថា មានសមត្ថភាពបាញ់បានចម្ងាយពី៣០០ ដល់៧០០គីឡូម៉ែត្រ។
ប៉ុន្តែក្រសួងការពារជាតិនិងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ដែលទទួលបន្ទុកលើកម្មវិធីមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់បានបដិសេធធ្វើការអត្ថាធិប្បាយ រីឯក្រសួងការពារជាតិរុស្ស៉ីវិញមិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំការអត្ថាធិប្បាយនៅឡើយទេ។
បើតាមប្រភពដែល Reuters ទទួលបាន ការដឹកជញ្ជូនមីស៊ីលទៅឱ្យរុស្ស៉ីធ្វើឡើងកាលពីដើមខែមករា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឡើងជាស្ថាពរក្នុងកិច្ចប្រជុំមួយរវាងក្រុមមន្ត្រីយោធារុស្ស៉ីនឹងអ៉ីរ៉ង់កាលពីចុងឆ្នាំ២០២៣ នៅក្នុងទីក្រុង តេហេរ៉ង់ និងទីក្រុងមូស្គូ៕