យោងតាម KCNA ប្រធានាធិបតី ពូទីន បានផ្តល់ឱ្យមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន នូវរថយន្តដែលផលិតដោយរុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលរថយន្តពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាអំណោយ «សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន»។
យោងតាម KCNA ផងដែរ រថយន្តដែលផលិតដោយរុស្ស៊ីត្រូវបានផ្ទេរដោយទីក្រុងម៉ូស្គូទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃទី 18 ខែកុម្ភៈ។
រុស្ស៊ី និងកូរ៉េខាងជើង បានកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ចាប់តាំងពីលោក ពូទីន និងមេដឹកនាំគីម ជុងអ៊ុន បានជួបគ្នាកាលពីខែកញ្ញាឆ្នាំមុន។ ភាគីទាំងពីរបានប្តេជ្ញាចិត្តជំរុញការផ្លាស់ប្តូរលើគ្រប់វិស័យ ទោះបីជាមានការហាមឃាត់ និងកិច្ចខិតខំប្រឹងប្រែងឯកោពីលោកខាងលិចក៏ដោយ។
KCNA បាននិយាយថា លោកស្រី Kim Yo-jong និងលេខាបក្សពលករកូរ៉េ Pak Jong-chon បានថ្លែងអំណរគុណដល់លោកពូទីន ក្នុងនាមបងប្រុសលោកស្រី គឺមេដឹកនាំគីម ជុងអ៊ុន។
KCNA បានដកស្រង់សម្តីលោកស្រី Kim Yo-jong ថា “អំណោយនេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេសរវាងមេដឹកនាំទាំងពីរ ក៏ដូចជាភស្តុតាងនៃទំនាក់ទំនងដ៏ល្អបំផុត” ។
KCNA មិនបានពិពណ៌នាអំពីរថយន្តនេះ ឬរបៀបដែលវាត្រូវបានដឹកជញ្ជូនពីប្រទេសរុស្ស៊ីទេ។ មេដឹកនាំ គីម ជុងអ៊ុន ត្រូវបានគេនិយាយថាជាអ្នកចូលចិត្តរថយន្ត ហើយមានការប្រមូលរថយន្តល្បីៗជាច្រើន។
នៅខែកញ្ញា ឆ្នាំ 2023 ពេលទៅទស្សនាស្ថានីយបាញ់បង្ហោះយានអវកាសរុស្ស៊ីនៅចុងបូព៌ា
លោកគីម ជុងអ៊ុន បានជួបជាមួយរថយន្ត limousine Aurus Senat របស់ប្រធានាធិបតីពូទីន ហើយត្រូវបានមេដឹកនាំរុស្ស៊ីអញ្ជើញឱ្យចូលក្នុងរថយន្ត៕