ភ្នំពេញ​៖​ មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤​ ក្រសួងព័ត៌មានមានកិត្តិយស សូមជម្រាបជូនដល់ មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ ជ្រាបថា “កម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពាន រង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤- នឹងត្រូវចាប់ផ្ដើមប្រឡងក្នុងពេលឆាប់ៗនេះ។ បទចម្រៀងថ្មីៗបង្កប់ដោយ អត្ថន័យខ្លឹមសារអប់រំជាច្រើនបទតាមរយៈនៃការចូលរួមតាក់តែងនិពន្ធរបស់ប្អូនៗកុមារា-កុមារី លោកគ្រូ-អ្នកគ្រូ មាតា-បិតាសិស្សនឹងត្រូវផុសចេញពីសម្លេងរបស់ប្អូនៗកុមារនៅលើឆាកកម្មវិធីមហោស្រពតន្ត្រី និងចម្រៀង កុមារពានរង្វាន់ក្រសួងព័ត៌មានប្រចាំឆ្នាំ២០២៤ នេះ។ ប្អូនៗកុមារា-កុមារីរូបណាដែលមានជំនឿចិត្តលើ ទេពកោសល្យ ភាពប៉ិនប្រសព្វលើកាយវិការ និងទឹកដមសម្លេងពិរោះនោះ សូមអញ្ជើញទំនាក់ទំនងមកដាក់ ពាក្យប្រឡងនៅក្រសួងព័ត៌មានតាមរយៈទូរស័ព្ទលេខ៖ ០៩៧ ៧៧ ៩៩ ១៧៨ /០១១ ២៤២ ៥១៩។ កាលបរិច្ឆេទទទួលពាក្យប្រឡងនឹងចាប់ពីថ្ងៃផ្សាយសេចក្តីជូនដំណឹងនេះតទៅ។
លក្ខខ័ណ្ឌនៃការចូលរួមប្រឡង៖
– ប្អូនៗសិស្សានុសិស្សដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១៣ឆ្នាំ កំពុងសិក្សានៅសាលាបឋមសិក្សា តាម បណ្តាសាលារៀនរដ្ឋ សាលាឯកជន អង្គការ និងសហគមន៍ នានា ក្នុងរាជធានី ខេត្ត ក្រុង។
បទចម្រៀងដែលត្រូវចូលរួមប្រឡងតម្រូវឱ្យធ្វើការតាក់តែងនិពន្ធនូវទំនុកច្រៀង និងបទភ្លេងថ្មីចំនួន២បទ ដោយអត្ថន័យក្នុងបទចម្រៀងត្រូវផ្តោតលើការអប់រំជាចម្បង រួមមានដូចជា៖ ការអប់រំផ្នែកសុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការគោរពឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ស្រឡាញ់ការសិក្សា ស្រឡាញ់ បរិស្ថាន ការគោរពច្បាប់ចរាចរណ៍ និងការជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដើម ជាពិសេសបទចម្រៀង ត្រូវតែតាក់តែង ឱ្យស្របតាមវ័យរបស់កុមារ។
សូម មាតា-បិតា អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ ជួយជំរុញឱ្យប្អូនៗកុមារា-កុមារី មានភាពក្លាហានក្នុងការទទួលយកការអប់រំតាមរយៈ សិល្បៈ ចម្រៀងដើម្បី បណ្តុះផ្នត់គំនិតកុមារឱ្យមានសេចក្តីក្លាហាន ទទួលយកនូវសិទ្ធិទាំង៤ គឺសិទ្ធិរស់រាន សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួល បានការការពារ និងសិទ្ធិនៅក្នុងការចូលរួម ជាពិសេស ដើម្បីចូលរួមអបអរសាទរខួបលើកទី៧៥ នៃទិវាអន្តរជាតិ ១មិថុនា ខួបលើកទី២៣ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារដ្ឋ ឯកជន សហគមន៍ និងអង្គការទាំងអស់ ជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមដាក់ពាក្យតាមការគួរ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *