ខេត្តរតនគិរី៖ រថយន្តមួយគ្រឿងដឹកគល់ធ្នង់ពកពេញព្រៀបបម្រុងនាំចេញទៅក្រៅប្រទេស តែត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងស្ទាក់បង្ក្រាបចាប់បានភ្លាមៗ ហើយក៏ប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្ត។
ការស្ទាក់ឃាត់បានរថយន្តនោះធ្វើឡើងនៅយប់ថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២៤នៅត្រង់ចំណុចមុខសាលាអន្ទេវាសិកដ្ឋានស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
តាមប្រភពបង្ហើបថា រថយន្តដឹកគល់ធ្នង់នោះបើកបរចេញពីភូមិសាស្ត្រស្រុកវើនសៃបោះពួយមានល្បឿនយ៉ាងលឿនតាមផ្លូវជាតិលេខ78Aឆ្លងកាត់ស្រុកអូរជុំសំដៅចូលមកក្រុងបានលុងនិងបន្តទៅមុខទៀត តែត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានតែម្តង។
នៅក្នុងការបង្ក្រាបនោះដែរគេឃើញកម្លាំងកងរាជអាវុធហត្ថឃាត់បានទាំងអ្នកបើកបររថយន្តនិងព្រូឡានម្នាក់ផងដែរបញ្ជូនមកឱ្យជំនាញ។
រថយន្តដែលដឹកបទល្មើសប្រភេទ គល់ឈើពកធ្នង់ដ៏មានតម្លៃខាងលើនេះកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងបានឱ្យដឹងថា រថយន្តនោះម៉ាកហុីយ៉ាន់ដាយទម្ងន់៥តោន ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-3338 ហើយការដឹកជញ្ជូននោះគឺជាជើងទី៣ហើយដែលរថយន្តមួយគ្រឿងនេះបានធ្វើសកម្មភាពល្មើសដោយលោតឆ័ត្រដើម្បីយកទៅលក់នៅប្រទេសក្រៅ ប៉ុន្ដែលើកនេះក៏ត្រូវកម្លាំងយើងចាំស្ទាក់បង្ក្រាបនិងរឹបអូសយកឱ្យខាងតែបានតែម្តង។
ប្រភពផ្សេងទៀតសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា ម្ចាស់ឈើពកធ្នង់ខាងលើនោះគឺជាសមត្ថកិច្ចនគរបាលខេត្តម្នាក់និងម្នាក់ទៀតជាមន្រ្តីកងរាជអាវុធហត្ថនៅខេត្តរតនគិរីនេះឯងដែលពួកគេបានទៅប្រមូលទិញនៅឯស្រុកវើនសៃដើម្បីយកទៅធ្វើអាជីវកម្មមិនស្របច្បាប់ទៅក្រៅប្រទេស។
ប្រភពដដែលបានបន្តបង្ហើបថា ឈ្មួញនៅក្រៅស្រុកបានប្រគល់កញ្ចប់ថវិកាឱ្យទៅមន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់ជាអ្នកចាត់ចែងរត់ការ តែដោយសារគេរត់ការនៅមានចន្លោះប្រហោងទើបបែកការណ៍ផ្តើមឱ្យមានការអាក់អន់ស្រពន់ចិត្តក៏ចាត់កម្លាំងក្រុងចុះបង្ក្រាបបែបនេះតែម្ដងទៅ។
បច្ចុប្បន្នវត្ថុតាងរួមមានគល់ឈើពកធ្នង់និងមធ្យោបាយដឹកជញ្ជូនគឺរថយន្តកូរ៉េ មួយគ្រឿង អ្នកបើកបរនិងព្រូម្នាក់ផងនោះកំពុងស្ថិតនៅក្នុងមន្ទីរកសិកម្មខេត្តរតនគិរីនៅឡើយ។
មកដល់ពេលនេះជំនាញព្រៃឈើហាក់នៅមិនទាន់បានបើកកៅស៊ូតង់ដែលគ្របជិតពីលើរថយន្តនោះដើម្បីពិនិត្យនិងបង្ហាញមហាជនទូទៅឱ្យបានឃើញផងទេ។
អ្នកបើកបរក៏អាចបំលាស់ទីរថយន្ដនោះបានយ៉ាងងាយ ម្ដងទៅចតខាងស្ដាំដៃម្តងទៅខាងឆ្វេងនៃមន្ទីរកសិកម្មតាមតែអំពើចិត្ត។ គេសង្ស័យតែយប់ថ្ងៃបន្ទាប់ បើមិនយូរមិនឆាប់ចេញទៅបាត់ ហើយបន្ដដឹកជញ្ជូនដូចដើមវិញដដែល។
ក្រុមអ្នកកាសែតសួរលោក លី សុផាន នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីតាមទូរស័ព្ទសុំការបំភ្លឺ ហើយលោកឆ្លើយយ៉ាងខ្លីថា មិនបានដោះលែងទេ! គឺកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ គ្មានឈើអ្វីល្អទេ មានតែគល់ឈើគ្រាក់(ខ្លឹម)ឈើពក។
មជ្ឈដ្ឋានទូទៅថា បើប្រាកដជាដឹកបទល្មើសមានអីពិបាករកម្ចាស់ជាថៅកែនោះ បើចាប់បានទាំងរថយន្តស្គាល់ស្លាកលេខបានទាំងអ្នកបើកបរនិងព្រូទៀតនោះខ្លាចក្រែងតែសមត្ថកិច្ចគ្មានឆន្ទៈធ្វើ តែតាមការស្ទាបស្ទង់ប្រាកដជាសម្រួលដោះលែងហើយមិនបាច់ឆ្ងល់ទេ៕