ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់ការហូរចូលទំនិញដែលគ្មាគុណភាពពីប្រទេសជិតខាង ដើម្បីធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
លែងក្នុងឱកាសអញ្ជើញជាធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវបង្កើនការគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុក និងជាមួយអន្តរជាតិ តាមរយៈការពង្រឹង ការកែលម្អ និងការដាក់ចេញបន្ថែមទៀតនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងក្រមសីលធម៌ទាក់ទងនឹងអភិបាលកិច្ចក្រុមហ៊ុន និងសហគ្រាសឯកជន កិច្ចការប្រកួតប្រជែង ការការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីម្ហូបអាហារ ដើម្បីរក្សាសុខភាព សុវត្ថិភាព និងសុខុមាលភាពអ្នកប្រើប្រាស់ ដោយធ្វើយ៉ាងណាឲ្យបរិយាកាសពាណិជ្ជកម្ម មានលក្ខណៈស្មើភាព និងយុត្តិធម៌។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យពង្រឹងការទប់ស្កាត់ការហូរចូលទំនិញខុសច្បាប់ ទំនិញខូច ឬអន់គុណភាព និងការធ្វើពាណិជ្ជកម្មផ្ទុយនឹងគោលការណ៍ច្បាប់ ដើម្បីចូលរួមលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រីកផលិតកម្មក្នុងស្រុកស្របតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារ៕