ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ដែលជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែធ្វើឱ្យល្អស្អាតស្អំ គ្មានពាក់ព័ន្ធនឹងគ្រឿងញៀន។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថានសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវទិសដៅមួយដែលយើងត្រូវធ្វើ ហើយខ្ញុំចេញថ្ងៃនេះ ខ្ញុំបានជជែកជាមួយឯកឧត្តម ស សុខា និងឯកឧត្តម ទៀ សីហា ដែរ គឺត្រូវបន្សុទ្ធកម្លាំងរបស់យើង ត្រូវបោសសំអាតគ្រឿងញៀន ចេញពីកងកម្លាំងប្រដាប់អាវុធត្រូវតែធ្វើមុនគេ ព្រោះអ្នកអនុវត្តច្បាប់ ត្រូវតែស្អាតមុនគេ»។
សូមបញ្ជាក់ដែរថាមុននេះលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេចដែលប្រមុខក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ មានតួនាទីជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្ត្រីរូបនេះ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។នេះមិនមែនជាលើកទីមួយទេដែល លោក ស សុខា រដ្ឋមន្ត្រីថ្មី សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិលើមន្ត្រីដែលរកឃើញថាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ និងច្បាប់ជាតិ។ទាក់ទងជាមួយមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀននេះដែរកាលពីនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានឥ្យដឹងថា កម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀន និងបញ្ជូនខ្លូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែល ជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែផ្តោតការយកចិត្តទុកដាក់ និងក្រើនរំលឹកជាប្រចាំ។
លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ដែរថា ទិសដៅទាំង៦ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន៖ ទី១. បញ្ហាគ្រឿងញៀន ទី២. បញ្ហាចរាចរណ៍ ទី៣. ករណីចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ទី៤. ការជួញដូរមនុស្សគ្រប់ប្រភេទ ទី៥. ការគ្រប់គ្រងក្រុមក្មេងទំនើង និងទី៦. បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង។មន្ត្រីគ្រឿងញៀនដែលលោកទុចសុឃៈនិយាយត្រុវចាប់ខ្លួនដោយ នាយកដ្ឋានប្រឆាំងចារកម្មបានឃាត់ខ្លួនមានតួនាទីជានាយការិយាល័យទី៨ថ្នាក់ឧត្តមសេនីយ៍ទោអនុប្រធាឆ នៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រី៤នាក់ ពាក់ព័ន្ធនឹងការជម្រឹតលុយពីជនជាតិចិន ក្នុងករណីជួញដូគ្រឿងញៀន ដោយដោះលែងឲ្យមាមានសេរីភាពវិញ ។លោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនទទួលការិយាល័យទី៨(ក៨)ទៀតនិងមន្ត្រី៤រូបទៀត ក្រោយពីឃាត់ខ្លួន មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនទាំង៥នាក់ ក៏បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ១០ ខែវិច្ឆិកាឆ្នាំ២០២៣ ។មកដល់ពេលនេះលោកឧត្តមសេនីយ៍ទៅវ៉ានកុសលនិងគូគនដែលត្រូវបានឃុំខ្លួនមិនទាន់ដឹងថាត្រូវមានវិធានការបែបណានៅឡើយទេ៕