ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសថា លោកគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យមានការបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដោយលោករដ្ឋមន្រ្តី បានចាត់ទុកថា ជាចំណែកមួយនៃការចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាការពង្រឹងវិស័យព័ត៌មានរបស់កម្ពុជា។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី នាឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ៖ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានដាក់ចេញទិសដៅមួយចំនួនដើម្បីធ្វើយ៉ាងណាឱ្យវិស័យសារព័ត៌មានកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ស្របតាមបរិបទសង្គមបច្ចុប្បន្នក្នុងសម័យឌីជីថល ដោយក្នុងនោះ សន្តិសុខព័ត៌មាន ជាទិសដៅដ៏សំខាន់ ដែលលោកបានដាក់ចេញ។ លោករដ្ឋមន្ត្រី បន្ថែមថា សន្តិសុខព័ត៌មាន នឹងផ្ដោតទៅលើចំណុច ៣សំខាន់ៗ គឺការទទួលព័ត៌មានបានគ្រប់ជ្រុងជ្រោយ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីធានាផ្ដល់នូវសន្តិសុខព័ត៌មានដល់ប្រជាពលរដ្ឋក្នុងបរិបទឌីជីថលនេះ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ចាត់ទុកការផ្ដួចផ្ដើមឱ្យមានក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាននៅកម្ពុជានេះ ហើយលោក បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ ដោយហេតុលោក មើលឃើញថា គំនិតផ្ដួចផ្ដើមនេះ បានគិតគូដល់ផលប្រយោជន៍រួមរបស់អ្នកសារព័ត៌មាន ក៏ដូចជាការពង្រឹងលើវិស័យព័ត៌មាន ហើយក៏ជាធាតុចូលបន្ថែមក្នុងការធ្វើឱ្យប្រព័ន្ធសារព័ត៌មាននៅកម្ពុជារស់បានស្រួលទៅមុខទៀត។
លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ទៀតថា ដើម្បីឱ្យក្រមសីលធម៌វិជ្ជាជីវៈក្លាយជាគោលការណ៍រួមសម្រាប់ឱ្យអ្នកសារព័ត៌មានគោរពប្រតិបត្តិនោះ ក្រសួងព័ត៌មាន នឹងផ្ដល់សិទ្ធិដល់សមាគមសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មាន ក្នុងការរៀបចំតាក់តែងក្រមសីលធម៌វិជ្ជាជីវៈនេះដោយខ្លួនឯង ព្រោះនេះមិនមែនជាការចាប់បង្ខំ តែជាការអនុវត្តគោលការណ៍ស្ម័គ្រចិត្ត។
សូមជម្រាបជូនថា តាមរយៈប្រធានបទនេះ បានផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មាន ទាំងកាសែត វិទ្យុ ទូរទស្សន៍ រួមទាំងសារព័ត៌មាន អនឡាញ បានជជែកពិភាក្សាជាថ្មីម្តងទៀតពាក់ព័ន្ធនឹងបញ្ហាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ខណៈជាការកត់សម្គាល់ អ្នកសារព័ត៌មានមួយចំនួននៅតែមិនទាន់អនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវនៅឡើយ ដែលនេះនាំឱ្យប៉ះពាល់ដល់វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងនោះ ក្លិបអ្នកកាសែតកម្ពុជា ក៏បានផ្ដួចផ្ដើមគំនិតឱ្យមានការបង្កើតក្រុមប្រឹក្សាក្រមសីលធសារព័ត៌មានកម្ពុជា៕