សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងសល់ពីចំហាយនៃព្យុះស៊ីក្លូន Jasper នាថ្ងៃ១៨ខែធ្នូនេះបានបង្កជាគ្រោះទឹកជំនន់ នៅក្នុងទីក្រុងទេសចរណ៍ជាច្រើន ដែលស្ថិតនៅភាគឦសាន ប្រទេសអូស្ត្រាលី តាមបណ្ដោយតំបន់ថ្មប៉ប្រះទឹកដ៏ល្បីល្បាញរបស់ពិភពលោក Great Barrier Reef ដោយបង្ខំឲ្យមានការជម្លៀសមនុស្ស ខណៈអ្នកស្រុកមួយចំនួន នាំគ្នាឡើងដំបូលផ្ទះ ដើម្បីគេចពីទឹកទន្លេដែលជន់ឡើងយ៉ាងឆាប់រហ័ស។ទីក្រុង Cairns ដែលជាច្រកផ្លូវចូលទៅកាន់តំបន់ថ្មប៉ប្រះទឹក Great Barrier Reef និងមានប្រជាជនជាង ១៥០,០០០នាក់រស់នៅ បានទទួលរងនូវរបាយទឹកភ្លៀង ប្រហែល ៦០០មីលីម៉ែត្រ ក្នុងរយៈពេល ៤០ម៉ោង មកទល់នឹងព្រឹកថ្ងៃចន្ទនេះ។ ជើងហោះហើរទាំងអស់ចេញពីអាកាសយានដ្ឋាន Cairns ត្រូវបានលុបចោល ឬពន្យារពេលនៅថ្ងៃចន្ទនេះ។ សត្វក្រពើមួយក្បាល ត្រូវបានគេប្រទះឃើញបណ្តែតខ្លួននៅចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Cairns ហើយអាជ្ញាធរបានព្រមានដល់អ្នកស្រុកកុំឲ្យចុះហែលទឹក។ លោក Steven Miles អភិបាលរដ្ឋ Queensland បានប្រាប់ទូរទស្សន៍អូស្រ្តាលីថា «បញ្ហាគឺភ្លៀងធ្លាក់ មិនឈប់សោះ ហើយប្រសិនបើមិនធូរស្រាលទេ យើងមិនអាចនាំយកជំនួយតាមផ្លូវអាកាស ទៅកាន់កន្លែងដាច់ស្រយាលបានឡើយ»។
ការិយាល័យឧតុនិយមអូស្ត្រាលី បានព្យាករថានឹងមានភ្លៀងធ្លាក់កាន់តែច្រើន ខណៈឥទ្ធិពលនៃព្យុះស៊ីក្លូន Jasper ទំនងជាបន្តចូលដល់ថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ដោយតំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់កម្រិត ៣០០មីលីម៉ែត្រក្នុងរយៈពេលតិចជាង ៦ម៉ោង។ ការព្រមានពីទឹកជំនន់ត្រូវបានដាក់ចេញ ស្របពេលទឹកទន្លេបានហក់ឡើងបំបែកកំណត់ត្រាកាលពីឆ្នាំ១៩៧៧៕