បន្ទាយមានជ័យ៖
វត្តធម្មាលង្ការាមភ្នំព្រះ ជាវត្តដែលទើបបានបង្កើតថ្មី នៅលើទឹកដីឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ផ្ដួចផ្ដើមកសាងដោយព្រះមហាធម្មាលង្ការមុនីចាន់ សុជន គង់នៅវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោកជំទាវម៉ែម៉ៅ ម៉ាឡៃកែ គិមយ៉ាន។
ទីធ្លាសម្រាប់សាងសង់វត្តនេះមានផ្ទៃដីសរុបប្រមាណជាង៣០០ហិតា បើបូករួមទាំងផ្ទៃក្រឡាដីព័ទ្ធជុំវិញតំបន់ភ្នំទាំងមូល មានប្រមាណជាង១០០០ហិតា។ប្រកបដោយទីធ្លាធំទូលាយ ធម្មជាតិស្រស់ត្រកាលមានដើមឈើតូចធំ ដុះផ្ដុំចម្រុះនិងមានសត្វព្រៃ ច្រើនប្រភេទកំពុងរស់នៅយ៉ាងសុខសាន្ត ជាពិសេស មានសត្វជ្រូកព្រៃប្រហែលជាង១០០០ក្បាល ដែលកំពុង ថែរក្សាអភិរក្ស តាមរយះរដ្ឋបាលព្រៃឈើ អាជ្ញាធរសមត្ថកិច្ច និងព្រះសង្ឃផងដែរ។
បើតាមថេរដីកា របស់ព្រះចៅអធិការ ព្រះនាមចាន់ សុជន បានឲ្យដឹងថា នេះជាសមិទ្ធផលថ្មី ស្នាដៃព្រះអង្គបន្ទាប់ពីវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់)ដោយព្រះអង្គមានថេរដីកាបន្តថា គោលបំណងចំបងកសាងវត្តនេះផ្ដោតលើ៣ចំណុចសំខាន់គឺ អប់រំ អភិរក្ស និងអភិវឌ្ឍ។
សូមបញ្ជាក់ថា វត្តធម្មាលង្ការាមភ្នំព្រះនេះ ទើបតែចាប់ផ្តើមកសាងបានតែរយះពេលប្រហែល១ឆ្នាំប៉ុណ្ណោះ ដោយព្រះអង្គមានគម្រងកសាងសមិទ្ធផលធំៗជាច្រើនដើម្បីជាប្រយោជន៍ក្នុងវិស្ស័យពុទ្ធសាសនា មានដូចជាចាក់ផ្លូវបេតុងខ្វែងខ្វាត់ គម្រងសាងសង់ព្រះវិហារ ទីធ្លាធំទូលាយ សម្រាប់យានយន្តគ្រប់ប្រភេទ ដើម្បីភាពងាយស្រួលដល់ ពុទ្ធបរិស័ទមកធ្វើបុណ្យទាន។
អ្វីដែលពិសេសជាងនេះ ព្រអង្គបាននឹងកំពុងសាងសង ដូចជាកន្លែងចតឡានម៉ូតូ កន្លែងមើលថ្ងៃលិច សាលាឆាន់ទីកន្លែងសម្រាប់ព្រះសង្ឃគង់នៅជាច្រើនខ្នង ជណ្តើរឡើងទៅលើកំពូលភ្នំជាង៣០០កាំ គម្រងសាងសង់ព្រះពុទ្ធរូបកំពស់៩ម៉ែត្រ សាងសង់ព្រះវិហារ មានស្រះទឹក អណ្តូងទឹក មានភ្លើងអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់ និងមានធ្វើផ្លូវ ទៅព្រះពុទ្ធ ផ្លូវទៅព្រះធម៌ និងផ្លូវទៅព្រះសង្ឃ ហើយផ្លូវទាំងនេះមានកសាងរូបព្រះពុទ្ធ រូបព្រះធម៌ និងរូបព្រះសង្ឃនៅក្បែរផ្លូវផងដែរ ព្រះមហាធម្មាលង្ការមុនី ចាន់ សុជន បានសន្យាថា នឹងស្ថាបនាកសាងវត្តធម្មាលង្ការាមភ្នំព្រះនេះឲ្យបានរួចរាល់ជាស្ថាពរ ៕