សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា របាយការណ៍របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញថា ចំនួនជនគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិកបានកើនក្នុងអត្រា១២ភាគរយ ដល់តួលេខដ៏ខ្ពស់មិនធ្លាប់មានមួយ។
ការរាប់ធ្វើឡើងដោយក្រសួងអភិវឌ្ឍន៍នគរូបនីយកម្មនិងលំនៅឋានអាមេរិក បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះ មានមនុស្សប្រហែល៦៥៣,០០០នាក់នៅទូទាំងសហរដ្ឋអាមេរិកជាជនគ្មានផ្ទះសម្បែង។ តួលេខនេះគឺ ៧០,៦៥០នាក់ ច្រើនជាងតួលេខកាលពីឆ្នាំ២០២២ ឬស្មើនឹងកំណើន១២ភាគរយ ហើយវាជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីការអង្កេតបានចាប់ផ្តើមដំបូង កាលពីឆ្នាំ២០០៧មក។
ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក ដែលរា៉ប់រង១៣ភាគរយនៃចំនួនប្រជាជនអាមេរិកសរុប គឺទទួលបន្ទុក៣៧ភាគរយ នៃជនគ្មានផ្ទះសម្បែងទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក។ គេសង្កេតឃើញថា ការកើនឡើងខ្ពស់ជាងគេនៃភាពគ្មានផ្ទះសម្បែង គឺកើតមានក្នុងចំណោមជនជាតិអាមេរិកដើមកំណើតអាមេរិកឡាទីន ដែលបានកើន២៨ភាគរយ ឬ៣៩,១០៦នាក់ នៅចន្លោះឆ្នាំ២០២២-២០២៣។
យោងតាមរបាយការណ៍ដដែល រដ្ឋ California ជារដ្ឋមានចំនួនអ្នកគ្មានផ្ទះសម្បែងច្រើនជាងគេ គឺ១៨១,៣៩៩នាក់ បន្ទាប់មករដ្ឋ New York មាន១០៣,២០០នាក់, រដ្ឋ Florida មាន៣០,៧៥៦នាក់, រដ្ឋ Washington មាន២៨,០៣៦នាក់, រដ្ឋ Texas មាន២៧,៣៧៧នាក់ និងរដ្ឋ Oregon មាន២០,១៤២នាក់។
វិបត្តិជនគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក បើតាមការអះអាងរបស់ក្រុមអ្នកជំនាញ គឺត្រូវបានរុញច្រានដោយកត្តាជាច្រើន រួមមានទាំងភាពក្រីក្រ បញ្ហាសុខភាពផ្លូវចិត្ត គ្រឿងញៀន និងបញ្ហាខ្វះខាតចំនួនលំនៅឋាន៕