សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋបាលលោក ចូ បៃដិន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានឱ្យដឹងថា ខ្លួនបានអនុម័តការលក់លក្ខណៈបន្ទាន់ នៃគ្រាប់រំសេវជិត១៤,០០០គ្រាប់សម្រាប់រថក្រោះ ឱ្យទៅអ៉ីស្រាអែលក្នុងតម្លៃជាង១០៦លានដុល្លារ ដោយមិនចាំបាច់ឆ្លងកាត់សភាអាមេរិក ស្របពេលដែលអ៉ីស្រាអែលបន្តបង្កើនប្រតិបត្តិការយោធានៅក្នុងសង្រ្គាមដែលបានរាលដាលពាសពេញតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ទាំងមូល។
ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ខ្លួនបានជូនដំណឹងដល់សភា អំពីការលក់គ្រាប់រំសេវរថក្រោះខាងលើ កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីប្រមុខការទូតអាមេរិក លោក Antony Blinken បានកំណត់ថា មានស្ថានភាពបន្ទាន់ ដែលតម្រូវឱ្យមានការលក់ភ្លាមៗនោះ ដើម្បីផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ វាមានន័យថា ការលក់គ្រាប់រំសេវទាំងនោះនឹងមិនចាំបាច់ឆ្លងកាត់ការពិនិត្យវាយតម្លៃពីសភាអាមេរិក ដែលជាគោលការណ៍ទូទៅ សម្រាប់ការលក់ផ្នែកយោធាឱ្យទៅបរទេសឡើយ។ ការធ្វើបែបនេះគឺជារឿងកម្រ ក៏ប៉ុន្តែមិនមែនពុំធ្លាប់មាននោះទេ នៅពេលដែលរដ្ឋាភិបាលអាមេរិក មើលឃើញមានភាពចាំបាច់បន្ទាន់ ក្នុងការប្រគល់សព្វាវុធឱ្យទៅប្រទេសដទៃ ដោយមិនចាំបាច់ត្រូវរង់ចាំការអនុញ្ញាតពីសភា ដែលអាចប្រើពេលវេលាយូរ។
ចំណាត់ការខាងលើកើតមានឡើង ខណៈដែលសំណើរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ស្តីពីកញ្ចប់ថវិកាជំនួយទំហំសរុបជិត ១០៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន អ៉ីស្រាអែល និងបញ្ហាសន្តិសុខជាតិដទៃទៀត កំពុងនៅជាប់គាំងក្នុងសភា ព្រោះតែការជជែកដេញដោលគ្នា ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក និងបញ្ហាសន្តិសុខព្រំដែន។ រីឯកាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោន ក៏ទើបតែបានបោះឆ្នោតវេតូដើម្បីរារាំង សំណើអំពាវនាវឱ្យមានបទឈប់បាញ់ ក្នុងសង្រ្គាមអ៉ីស្រាអែល-ក្រុមហាម៉ាស នៅក្រុមប្រឹក្សាសន្តិសុខ UN ផងដែរ៕ ដោយ៖ ធីរីណា