ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ លោកអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប លោក និងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល លោក បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម ។ លោក ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលដែល ឯកឧត្តម ក៏បានអញ្ជើញចូលរួមធ្វើបាឋកថាជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ លោក អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបាឋកថានៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលតែងបានគាំទ្រដល់តួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងរយៈកាលកន្លងមក ព្រមទាំងបានលើកឡើងអំពីគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអភិវឌ្ឍប្រទេស បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញ ចាប់តាំងពីចុងឆ្នាំ១៩៩៨ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕