នៅក្នុងសេចក្តីប្រកាសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី ៥ខែធ្នូ លោក Antonio Guterres បានបញ្ជាក់ថា មិនមានទីកន្លែងណាមួយក្នុងទឹកដី កាហ្សា មានសុវត្ថិភាពសម្រាប់ពលរដ្ឋភៀសខ្លួននោះឡើយ។ នៅពេលនេះយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានពង្រីកពាសពេញតំបន់។ដំបូងឡើយ អ៊ីស្រាអ៊ែល បានផ្តោតការយកចិត្តទុកដាក់លើការវាយប្រហាររបស់ខ្លួន ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ភាគខាងជើង ប៉ុន្តែឥឡូវនេះ កងទ័ពក៏បានទម្លាក់ខិត្តប័ណ្ណនៅលើផ្នែកខ្លះនៃភាគខាងត្បូង ដោយស្នើឱ្យជនស៊ីវិលប៉ាឡេស្ទីននៅទីនោះ ភៀសខ្លួនទៅកាន់តំបន់ផ្សេងទៀតផងដែរ។
អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ (UNICEF) លោក James Elder បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ តាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងគែរយ៉ាងដូច្នេះថា «តំបន់ដែលហៅថាតំបន់សុវត្ថិភាព… គឺមិនមានលក្ខណៈវិទ្យាសាស្ត្រ មិនសមហេតុផល មិនអាចទៅរួច ហើយខ្ញុំគិតថាអាជ្ញាធរបានដឹងអំពីរឿងនោះយ៉ាងច្បាស់»។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើងនៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានពង្រីកការវាយលុករបស់ពួកគេបន្ថែមទៀត ទៅកាន់តំបន់ដែលត្រូវបានឡោមព័ទ្ធ និងបានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាសនៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។
គួរបញ្ជាក់ថា ក្រុមហាម៉ាស់បានបើកការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្ស ១,២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល។
ក្នុងការសងសឹកចំពោះការវាយប្រហារដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន អ៊ីស្រាអែលបានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស និងធានាការដោះលែងចំណាប់ខ្មាំងទាំងអស់នៅក្នុងតំបន់ហ្គាហ្សា។ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា សង្គ្រាមបានសម្លាប់មនុស្សប្រហែល ១៥,៩០០ នាក់នៅក្នុងតំបន់នេះ ដែលប្រហែល ៧០ ភាគរយនៃពួកគេជាស្ត្រី និងកុមារ៕ ដោយ៖ ធីរីណា