សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតមួយកាលពីសប្ដាហ៍មុន ដែលទីក្រុងវ៉ាស៊ីនតោន និងសម័្ពន្ធមិត្តថ្កោលទោសដោយចាត់ទុកថា ជាទង្វើរំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។
ក្រសួងហិរញ្ញវត្ថុអាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មផងដែរលើក្រុម Hacker ឈ្មោះ Kimsuky ដែលត្រូវបានចោទថា ធ្វើសកម្មភាពប្រមូលព័ត៌មានសម្ងាត់ដើម្បីគាំទ្រដល់មហិច្ឆតានុយក្លេអ៊ែរ និងយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។ ការប្រកាសដាក់ទណ្ឌកម្មនេះធ្វើឡើងក្រោមការសម្របសម្រួលជាមួយអូស្រ្តាលី ជប៉ុន និងកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើងកាលពីសប្ដាហ៍មុនអះអាងពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុត ដែលព្យុងយ៉ាងបញ្ជាក់ថាមានគោលដៅតាមដានសកម្មភាពយោធារបស់អាមេរិកនិងកូរ៉េខាងត្បូង។
ទណ្ឌកម្មថ្មីនេះដែរនឹងបង្កកទ្រព្យសម្បត្តិរបស់អង្គភាព និងបុគ្គលដែលជាប់ទណ្ឌកម្មតម្កល់នៅសហរដ្ឋអាមេរិក ព្រមទាំងហាមឃាត់ជនជាតិអាមេរិកនិងក្រុមហ៊ុនអាមេរិកក្នុងការមានទំនាក់ទំនងជាមួយនឹងពួកគេ ហើយអ្នកដែលល្មើសឬបំពានទណ្ឌកម្មនេះក៏នឹងត្រូវប្រឈមជាប់ទណ្ឌកម្មដូចគ្នាដែរ។
ចាប់តាំងពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍មក កូរ៉េខាងជើងបានអះអាងជាបន្តបន្ទាប់ថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យមើលរូបភាពរបស់សេតវិមាន មន្ទីរបញ្ចកោណ និងមូលដ្ឋានទ័ពអាមេរិកនៅកោះហ្កាំ ក៏ដូចជានៅកូរ៉េខាងត្បូងជាដើម ដែលត្រូវបានថតនិងផ្ដល់ដោយ ផ្កាយរណបស៊ើបការណ៍នេះ៕ ដោយ៖ ធីរីណា