ភ្នំពេញ៖ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយសាខា ក.ប.ប. រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានសហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារ អូរឡាំពិក ផ្សារអូរឬស្សី និងផ្សារកណ្តាល បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងយកសំណាកគំរូ ទំនិញម្ហូបអាហារ ចំនួន៦៦មុខ រួមមាន៖ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក ផ្អក មើមខ្ទឹម ស ក្រហម សរសៃគុយទាវ មី ជាដើម ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ វិភាគនៅនឹងកន្លែងជាក់ស្តែងក្នុងរថយន្តពិសោធន៍។
សូមជម្រាបជូនថា សុវត្ថិភាពម្ហូបអាហារ ជាកិច្ចការអត្ថិភាពរបស់រាជរដ្ឋភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហេតុនេះដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ ត្រូវបានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ បានណែនាំជាប្រចាំ និងចង្អុលបង្ហាញ ដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវ ការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម។ ហើយនៅថ្ងៃរៀបចំអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញ ក.ប.ប.នឹងបង្កើនការចុះឃ្លាំពិនិត្យមើលតាមផ្សារគោលដៅ និងទៅតាមស្តង់តាំងលក់ផលិតផល នៅថ្ងៃទី២៦ ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះផងដែរ។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់លើសំណាកគំរូទាំងនោះទេ ប៉ុន្តែបានរកឃើញបង្គាមានចាក់ចាហ៊ួយចំនួន៦៧.៥គីឡូ នៅផ្សារកណ្តាល ដោយបានធ្វើកិច្ចសន្យា និងដកហូតទំនិញខាងលើ យកទៅបំផ្លាញចោលតាមនីតិវិធី។
ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្មក្នុងផ្សារទាំងបីនេះ ដែលតាំងលក់ផលិតផលគីមី បានយល់ផងដែរពីខ្លឹមសារប្រកាសស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ សូមបញ្ជាក់ថាផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមីដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួសសម្រាប់គោលបំណងផ្សេងៗនៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាងប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត។
លើសពីនេះទៅទៀត មន្ត្រីជំនាញក៏បានពន្យល់ អប់រំ ណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ និងការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។
ក្នុងករណីបងប្អូនឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នកទទួលទាន សូមបងប្អូន ផ្តល់ព័ត៌មានឬដាក់ពាក្យបណ្តឹង មកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕