ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតការងារឱ្យបានច្រើន ដោយប្រកាន់ជំហរគោលនយោបាយទីផ្សារសេរី បើកចំហរដល់វិស័យឯកជន លើកទឹកចិត្តវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋឱ្យប្រកបអាជីវកម្មខ្លួនឯងបាន (ស្វ័យនិយោជន៍)។
ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ «បងប្អូនកម្មករ និយោជិត ចំនួន ១៨១០៨ នាក់នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវរួមគ្នាចាប់យកឱកាសដែលយើងមាននៅក្នុងសុខសន្តិភាព និងស្ថិរភាពនេះ ដោយមិនចាំបាច់រត់កាត់គ្រាប់ផ្លោងដូចជំនាន់ឪពុកម្តាយយើងនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា : ក្នុងរយៈពេល ១ ទស្សវត្សរ៍ជាងនេះ ការដោះស្រាយបញ្ហាបងប្អូនដែលមានទំនាស់ គឺត្រូវបានដោះស្រាយដោយប្រកាន់យកជំហរសុខដុមរមនា គោរពគ្នាទៅវិញទៅមក និងដោះស្រាយដោយសន្តិវិធី។ បន្ថែមពីលើនេះ សម្ដេចធិបតីក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាលំនឹង ស្ថិរភាព និងបរិស្ថាននេះបន្តទៅទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអះអាងថា គណបក្សប្រជាជនកម្ពុជាមិនដែលក្បត់កុងត្រាខ្លួនឯងបញ្ចេញ កុងត្រាអញ្ចេះ ដល់ចប់ហែកចោលហើយបញ្ចេញកុងត្រាថ្មីនោះទេ ។ គឺយើងមានតម្លាភាពគឺយើងខិតខំជំរុញនូវអ្វីដែលយើងបានសន្យាជាមួយប្រជាជនបម្រើប្រជាជនឱ្យបានកាន់តែច្រើន។គណបក្សប្រជាជនគឺជាអ្នកប្រាកដនិយមមិនមែនជាអ្នកស៊ីអារម្មណ៍និយមជាអ្នកនៅជាមួយប្រជាពលរដ្ឋមិនមែនជាទន្សាយនោះទេ ។
សម្ដេចធិបតីថ្លែងថា«ការបោះឆ្នោតប្រៀបដូចជាកុងត្រាគណបក្សដែលឈរឈ្មោះបោះឆ្នោតបានចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋរួចហើយ។ព្រោះមុនពេលបោះឆ្នោ តយើងដាក់គោលនយោបាយសម្រាប់ប្រជាពលរដ្ឋថាខ្ញុំនឹងអនុវត្តគោលនយោបាយនេះដើម្បីបម្រើប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋឃើញគោលនយោបាយល្អហើយឃើញ អ្នកដែលដាក់គោលនយោបាយគឺជាអ្នកប្រាកដប្រជា មិនមែនអ្នកកញ្ឆក់កណ្ដៀត គឺអ្នកប្រាកដកនិយម មិនមែនស៊ីអារម្មណ៍និយមនោះទេ អ្នកនៅជាមួយប្រជាពលរដ្ឋ មិនមែនអ្នកជាទន្សាយនោះទេ»។
សម្តេចធិបតីបន្តថា៖សុំបន្តទុកចិត្តលើរាជរដ្ឋាភិបាលបន្តការជឿទុកចិត្តទៅលើការដឹកនាំនិងបម្រើរបស់រាជរដ្ឋាភិបាលចំពោះប្រជាជន។សម្តេចបន្តថាសុំជឿជាក់ដរាបណាបងប្អូនមានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនដែលមានបទពិសោធន៍និងមានគោលនយោបាយបម្រើប្រជាជននិងមិនរត់ចោលប្រជាជននៅគ្រប់កាលៈទេសៈណាក៏ដោយ សូមឱ្យបងប្អូនជឿជាក់ទុកចិត្តហើយសុំបន្តចូលរួមជាមួយរដ្ឋាភិបាលបន្តកសាងប្រទេសរបស់យើងតទៅទៀត៕