សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា នាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយមិនប្រកាសឱ្យដឹងជាមុន ក្នុងទស្សនកិច្ចមួយ ដែលមានគោលដៅបង្ហាញប្រាប់អ៊ុយក្រែនថា ទីក្រុងវ៉ាស៉ីនតោននឹងបន្តផ្តល់ការគាំទ្រឥតរាថយ ចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី។
ក្រសួងការពារជាតិអាមេរិក បានប្រកាសថា លោក Austin បានទៅដល់ទីក្រុងកៀវនៅថ្ងៃចន្ទនេះ ដើម្បីជួបមេដឹកនាំនិងមន្រ្តីអ៊ុយក្រែន ហើយពង្រឹងបន្ថែម ការគាំទ្រយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រឹងប្រែងប្រយុទ្ធតស៊ូដើម្បីសេរីភាពរបស់អ៊ុយក្រែន ប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រមុខការពារជាតិអាមេរិក ត្រូវគេរំពឹងថា នឹងគូសបញ្ជាក់ជាថ្មីពីការបន្តប្តេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវជំនួយផ្នែកសន្តិសុខ ដែលទីក្រុងកៀវត្រូវការជាចាំបាច់ ដើម្បីការពារខ្លួនប្រឆាំងទីក្រុងមូស្គូ។
លោក Lloyd Austin បានធ្វើដំណើរទៅកាន់អ៊ុយក្រែន តាមរយៈរថភ្លើងចេញពីប្រទេសប៉ូឡូញ ខណៈវាគឺជាដំណើរទស្សនកិច្ចលើកទី២ហើយ របស់លោក គិតចាប់តាំងពីរុស្ស៉ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខគិតជាទឹកប្រាក់ រាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែន និងបានអះអាងម្តងហើយម្តងទៀតថា ខ្លួននឹងបន្តគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់ ប៉ុន្តែការជំទាស់ពីក្រុមសមាជិកសភាមួយចំនួន នៃគណបក្សសាធារណរដ្ឋអាមេរិក បានបង្កើនភាពស្រពិចស្រពិល អំពីអនាគតនៃការផ្តល់ជំនួយគាំទ្ររបស់អាមេរិក សម្រាប់អ៊ុយក្រែន៕ ដោយ៖ ធីរីណា